×

ខ្សែប្រយុទ្ធ Erling Haaland ទំនងអវត្តមានពេល Man City ប៉ះ Young Boys នៅ UEFA Champions League យប់នេះ

ខ្សែប្រយុទ្ធឆ្នើមរបស់ Man City, Erling Haaland ទំនងអវត្តមានការប្រកួតទល់នឹងក្រុម Young Boys នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League ជុំទី៤ ពូល G ដោយសាររូបគេមានបញ្ហារបួស។

កីឡាករន័រវែស វ័យ ២៣ឆ្នាំ បានមានបញ្ហារបួសកជើងអំឡុងការប្រកួតដែល Man City ឈ្នះ Bournemouth ដោយលទ្ធផល ៦-១ នៅក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍មុន។

នៅពេលដែលត្រូវសួរនាំអំពីស្ថានភាពរបស់ Erling Haaland ថាតើរូបគេអាចមានភាពពេញលេញក្នុងការចូលរួមការប្រកួតទល់នឹងក្រុមមកពីស្វីសឬយ៉ាងណា លោក Pep Guardiola គ្រូបង្វឹក Man City បានឆ្លើយតបថា លោកមិនដឹងច្បាស់អំពីបញ្ហានេះនោះទេ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានថ្លែងដូច្នេះថា៖ “យើងនឹងនិយាយពីបញ្ហារបស់ Haaland ជាមួយនឹងគ្រូពេទ្យ។ រឿងនេះខ្ញុំមិនច្បាស់ទេ តែបើគ្រូពេទ្យថា Haaland មានស្ថានភាពប្រសើរ នោះខ្ញុំនឹងពិចារណាពីការដាក់រូបគេអោយចូលទីលាន។”

Haaland បានស៊ុតបញ្ចូលទីបាន ១៣ គ្រាប់សម្រាប់ Man City ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ហើយបានចូលរួមក្នុងផ្នែកមួយនៃការហ្វឹកហាត់ ត្រៀមក្នុងការប្រកួតផងដែរ។

ដោយឡែក Man City ដែលជាក្រុមការពារតំណែងជើងឯកពានរង្វាន់កំពូលអ៊ឺរ៉ុប បានឈ្នះការប្រកួត ៣ លើកដំបូងរបស់ពួកគេក្នុងពូល G និងទទួលបានជ័យជម្នះ ៣-១ រួចម្តងហើយពេលទៅលេងនៅលើទឹកដីក្រុម Young Boys។ ក្រុមមេឃខៀវ នឹងត្រូវបើកទ្វារកីឡដ្ឋាន Etihad ដើម្បីស្វាគមន៍ ក្រុម Young Boys វិញ សម្រាប់ការប្រកួតជុំទី៤ ដែលនឹងធ្វើឡើងយប់នេះ។

បច្ចុប្បន្នក្នុងពូល G ក្រុម Man City មានដល់ទៅ៩ពិន្ទុ ខណៈក្រុមលេខ២ ក្នុងពូល RB Leipzig មាន៦ពិន្ទុ ក្រុម Young Boys នៅលេខ៣ មាន១ពិន្ទុ ក្រុម Red Star Belgrade មកពីសែប មាន១ពិន្ទុនៅបាតតារាង។ ប្រសិនបើ Man City អាចទទួលបានជ័យជម្នះការប្រកួតយប់នេះទៀត នោះពួកគេ នឹងធានាកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយតែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង