×

សហព័ន្ធ Esports រៀបចំការប្រកួតថ្នាក់ជាតិឆ្នាំ២០២៣លើវិញ្ញាសា MLBB និង Valorant

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា កំពុងរៀបចំការប្រកួតថ្នាក់ជាតិនៅលើវិញ្ញាសា Mobile Legends: Bang Bang និង វិញ្ញាសា Valorant ដោយក្រុមជើងឯកថ្នាក់ជាតិ អាចនឹងមានឱកាសបង្ហាញសមត្ថភាពនៅក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិផងដែរ។

យោងតាមការឱ្យដឹងពីសហព័ន្ធកីឡាអេឡិចត្រូនិក ការប្រកួតវិញ្ញាសា Mobile Legends: Bang Bang នឹងចាប់ផ្ដើមពីថ្ងៃទី៧ ខែវិច្ឆិកានេះតទៅ
ដែលមានក្រុមនិងកីឡាករ ចូលរួមប្រកួតជាង៥០០ក្រុមនៅក្នុងវគ្គជម្រុះជាបន្តបន្ទាប់ ដើម្បីស្វែងរកក្រុមម្ចាស់ជ័យលាភីដែលនឹងក្លាយជាជើងឯកតំណាងជាតិ។

សម្រាប់អ្នកគាំទ្រក្រុម MLBB អាជីព ដែលកំពុងប្រកបអាជីពនៅលីគក្នុងស្រុក អាចមានក្ដីរំពឹងខ្ពស់សម្រាប់ក្រុមរបស់ខ្លួន ដោយសារតែក្រុមអាជីពទាំងអស់នឹងមានកៅអីនៅវគ្គ ១៦ក្រុមរួចជាស្រេច។

បើយោងតាមប្រភពពីសហព័ន្ធបានឱ្យដឹងថា៖ “ក្រុមអាជីពក្នុងលីគ (MPL) ត្រូវបានអញ្ជើញឱ្យចូលរួមប្រកួតដោយស្វ័យប្រវត្តិ វគ្គ១៦ក្រុមចុងក្រោយ តែសហពន្ធ័តម្រូវឱ្យក្រុមទាំងនោះធ្វើការចុះឈ្មោះក្រុមផងដែរដើម្បីពិនិត្យឈ្មោះកីឡាករដែលដាក់ប្រកួត។
សម្រាប់ការប្រកួត Offline នឹងធ្វើឡើងលើទូរសព្ទដៃ iPhone 13 Pro។”

ចំពោះវិញ្ញាសា Valorant សហព័ន្ធនឹងធ្វើការប្រកាសពីបេក្ខភាពដែលចូលរួមប្រកួតនៅពេលឆាប់ៗខាងមុខនេះ។ Valorant ក៏ជាវិញ្ញាសាប្រកួតដ៏ពេញនិយមខ្លាំងមួយផងដែរនៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាមិញ មានការលើកឡើងថា សហព័ន្ធពុំសូវយកចិត្តទុកដាក់លើវិញ្ញាសា PUBG Mobile ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ សហព័ន្ធអេឡិចត្រូនិកបានប្រកាសផងដែរថានឹងរៀបចំការប្រកួតលើវិញ្ញាសា PUBG Mobile ក្នុងពេលឆាប់ៗនេះ។ ការប្រកាសបែបនេះ ទទួលបានការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិក ពិសេសអ្នកគាំទ្រលើវិញ្ញាសា PUBG Mobile នេះតែម្ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង