×

Marcus Rashford ត្រឡប់មកកាន់ក្រុម Man Utd ត្រៀមប្រកួតនឹង Copenhagen យប់នេះ

Marcus Rashford បានត្រឡប់មកកាន់ក្រុម Manchester United វិញហើយ សម្រាប់ការធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ FC Copenhagen ក្នុងក្របខណ្ឌ Champions League ដោយមានអ្នកចាត់ការ Erik ten Hag បានទទូចថា ខ្សែប្រយុទ្ធរូបនេះបាន ប្តេជ្ញាចិត្តដើម្បីលេងសម្រាប់ក្លិប។

កីឡាករវ័យ ២៦ឆ្នាំ បានខកខានការទទួលជ័យជម្នះ ១-០ លើ Fulham បន្ទាប់ពីមានបញ្ហារបួសបន្តិចបន្តួចអំឡុងពេលហ្វឹកហាត់។ ប៉ុន្តែរូបគេនឹងធ្វើដំណើរជាមួយក្រុមសម្រាប់ការប្រកួតយប់នេះ។ ខ្សែប្រយុទ្ធដែលកំពុងធ្លាក់ទម្រង់រូបនេះ រកបាន ១គ្រាប់ក្នុង ១៤ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់នៅក្នុងរដូវកាលនេះ។

លោក Ten Hag បាននិយាយថា៖ “គាត់កំពុងខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ដើម្បីត្រលប់មកវិញ។
Marcus ប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះ Manchester United”។ លោក Ten Hag បានបន្តថា Rashford អាចចូលលេងក្នុងការប្រកួតនៅប្រទេសហូឡង់ នៅយប់នេះ។

Rashford គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ United ក្នុងរដូវកាល ២០២២-២៣ ដោយរកបាន ៣០ គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់ ប៉ុន្តែរកបានតែ១គ្រាប់គត់នៅរដូវកាលនេះ ក្នុងការចាញ់ Arsenal ៣-១ កាលពីខែកញ្ញា។

United បានចាញ់ Man City ៣-០ នៅក្នុងដីក្នុងក្របខណ្ឌ Premier League និង Newcastle ៣-០ ក្នុងពានរង្វាន់ EFL Cup ។ ពួកគេទទួលជ័យជម្នះលើក្រុម Fulham ១-០ ដែលជាការទទួលជ័យជម្នះលើកទី៨ ក្នុង ១៦ប្រកួត នៅក្នុងកម្មវិធីប្រកួតទាំងអស់ក្នុងរដូវកាលនេះ។

ក្រុមបិសាចក្រហមបានចាប់ផ្តើមវគ្គចែកពូលនៃក្របខណ្ឌ Champions League ជាមួយនឹងការចាញ់ពីរលើក ប៉ុន្តែបានយកឈ្នះ Copenhagen នៅក្នុងការប្រកួតទី៣ នៅក្នុងដី កាលពី២សប្ដាហ៍មុន។ ពួកគេមានគម្លាត ៦ពិន្ទុពីក្រុមកំពូលតារាង Bayern Munich ខណៈក្រុមតួកគី Galatasaray ស្ថិតនៅលេខ២ ដែលឈរនៅលើ United ១ពិន្ទុ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១២ នៃក្របខណ្ឌ Premier League របស់ CBS ៖
Wolves Vs Spurs ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Arsenal Vs Burnley ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Man Cityថ្ងៃអាទិត្យ ទី១២ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង