រដូវកាលដ៏អាប់អួររបស់ Manchester United បានទទួលរងនូវភាពខកចិត្តមួយទៀតហើយ ខណៈ កាតក្រហមរបស់ Marcus Rashford បានរួមចំណែកដល់ការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ពួកគេក្នុងវគ្គជម្រុះ UEFA Champions League ដោយចាញ់ FC Copenhagen ក្នុងលទ្ធផល ៤-៣។
នៅក្នុងការប្រកួតដ៏កក្រើកនាកីឡដ្ឋាន Parken ក្រុមភ្ញៀវ Man UTD ចាប់ផ្តើមមានក្តីសង្ឃឹម ក្រោយពីការរកគ្រាប់បញ្ចូលទីនាំមុខមុន២គ្រាប់របស់ Rasmus Højlund នៅនាទី៣និង នាទី២៨។ យ៉ាងណា ស្ថានការណ៍របស់ក្រុមបិសាចក្រហមបានផ្លាស់ប្តូរនៅពេលដែល អាជ្ញាកណ្តាលបានផ្តល់ការពិន័យកាតក្រហមដល់ Marcus Rashford ក្នុងនាទី៤២ បន្ទាប់ពីរូបគេបានបង្កកំហុសទៅលើកីឡាករក្រុមគូប្រជែង Elias Jelert។
បន្ទាប់ពីនោះមក ក្រុមម្ចាស់ផ្ទះ Copenhagen បានធ្វើការវាយសម្រុកតាមយក២គ្រាប់ស្មើវិញមុនចប់វគ្គទី១ ដោយគ្រាប់បាល់របស់ Mohamed Elyounoussi នៅនាទី៤៥ និងការទាត់បាល់ពិន័យ១១ម៉ែត្រពី Diogo Gonçalves នៅនាទី៤៥+៩។
នៅវគ្គទី២ Man UTD ចាប់ផ្តើមមានកម្លាំងចិត្តឡើងវិញក្រោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Bruno Fernandes ក្នុងនាទី៦៩ នាំមុខគូប្រកួតវិញ ប៉ុន្តែ ពួកគេក៏ត្រូវបានក្រុម Copenhagen វាយបក២គ្រាប់ផ្ទួនៗទៀត ដោយ Lukas Lerager នៅនាទី៨៣ និង Roony Bardghji នៅនាទី៨៧ ដើម្បីយកឈ្នះការប្រកួត។
បរាជ័យនេះគឺជាការធ្លាក់ចុះដ៏អាក្រក់មួយនៅក្នុងក្តីសង្ឃឹមរបស់ Man UTD សម្រាប់វគ្គជម្រុះ ១៦ ក្រុមចុងក្រោយ ដោយក្រុមរបស់លោក Erik ten Hag ដែលស្ថិតនៅលេខ ៤ ក្នុងពូល A មាន៣ពិន្ទុជាមួយនឹងការប្រកួតក្នុងពូលចំនួន ២ ប្រកួតទៀត ដែលត្រូវលេង។
ក្រោយចប់ការប្រកួតទាក់ទិននឹងលទ្ធផលរបស់ក្រុម លោក Erik ten Hag បានកោតសរសើរការលេងរបស់កូនក្រុម ប៉ុន្តែក៏មានការខកចិត្តនឹងលទ្ធផលដែលទទួលបាន ជាពិសេសគឺការផ្លាស់ប្តូរស្ថានការណ៍របស់ក្រុម ក្រោយពីកាតក្រហមរបស់ Marcus Rashford។
គ្រូបង្វឹកជនជាតិហូឡង់បានថ្លែងបែបនេះថា៖ “ យើងខកចិត្តខ្លាំងណាស់ ។ ខ្ញុំគិតថាយើងចាប់ផ្តើមការប្រកួតបានយ៉ាងល្អ។ យើងកំពុងឈ្នះការប្រកួតនេះ ហើយខ្ញុំគិតថាកាតក្រហមបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ ការបាត់បង់ Rashford បានប៉ះទង្គិចដល់ក្រុមជាខ្លាំង។ ហើយយើងក៏ទទួលបានលទ្ធផលដែលយើងមិនបានរំពឹងទុក។”
សម្រាប់ ការប្រកួតជាបន្តគឺ Man UTD នឹងត្រូវជួបក្រុម Galatasaray នាកីឡដ្ឋាន Rams Park នាថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខ៕
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១២ នៃក្របខណ្ឌ Premier League របស់ CBS ៖
Wolves Vs Spurs ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Arsenal Vs Burnley ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Man Cityថ្ងៃអាទិត្យ ទី១២ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕