×

អង្គការសប្បុរសធម៌ខួរក្បាល បារម្ភគ្រោះថ្នាក់ក្នុងកីឡាបាល់ទាត់ ក្រោយព្យាបាលរបួសក្បាល Maguire

អង្គការសប្បុរសធម៌ខួរក្បាលនៅក្នុងប្រទេសអង់គ្លេស បានបង្ហាញពីការព្រួយបារម្ភខ្លាំង អំពីការព្យាបាលបន្ទាន់លើទីលានរបស់ក្រុមគ្រូពេទ្យរបស់ក្រុម ទៅលើបញ្ហារងរបួសត្រង់ក្បាលរបស់កីឡាករនានា ហើយបានស្តីបន្ទោសថាក្លិបគ្មានការទទួលខុសត្រូវចំពោះកីឡាករ។

ការព្រួយបារម្ភបានកើតឡើង ក្រោយពីខ្សែការពារ Harry Maguire រងរបួសក្បាលរហូតត្រូវបានគ្រូពេទ្យពិនិត្យ ២ដង នៅក្នុងការប្រកួតក្រុម Manchester United យកឈ្នះ ១-០ លើក្រុម Fulham កាលពីចុងសប្តាហ៍មុន។

ក្នុងការប្រកួតនាកីឡដ្ឋាន Craven Cottage ខ្សែការពារ Maguire បានរងរបួសដោយការប៉ះទង្គិចក្បាលទល់ក្បាល ជាមួយនឹងកីឡាករ Rodrigo Muniz អំឡុងការប្រជែងបាល់គ្នាក្នុងការប្រកួត។ Maguire ត្រូវបានក្រុមគ្រូពេទ្យប្រចាំក្លិបបិសាចក្រហម ពិនិត្យដោយផ្ទាល់នៅលើទីលាន ពេលប៉ះទង្គិចរួច និងសម្រេចឱ្យខ្សែការពារអង់គ្លេសចូលលេងបន្ត។

យ៉ាងណានៅការប្រកួតវគ្គទីពីរ រូបគេក៏ត្រូវបានទទួលការពិនិត្យជាលើកទីពីរ ហើយរហូតដល់អាជ្ញាកណ្តាលការប្រកួត ស្នើឱ្យរូបគេផ្លាស់ប្តូរចេញដើម្បីកត្តាសុវត្ថិភាព។ ភ្លាមៗនោះ Maguire ក៏ត្រូវបានក្រុមសម្រេចចិត្តផ្លាស់ប្តូរចេញពីការប្រកួត។

ការប៉ះទង្គិចនោះ បានបន្តឱ្យមានការលើកឡើងជាថ្មីពីបញ្ហាគួរឱ្យបារម្ភខ្លាំង ពីបញ្ហាសុខភាពសុវត្ថិភាពរបស់កីឡាករ ក្រោយពេលដែលរងរបួស ហើយតម្រូវឱ្យចូលលេងបន្តដែលជាផលប៉ះពាល់ខ្លាំង។

នាយកប្រត្តិបត្តិអង្គារសប្បុរសធម៌របួសខួរក្បាល Headway លោក Luke Grigge លើកឡើងពីបញ្ហាដ៏គួរឱ្យបារម្ភពីបញ្ហារបួសរបស់ Maguire ព្រមទាំងស្តីបន្ទោសការព្យាបាលបណ្តោះអាសន្ត របស់ក្រុមគ្រូពេទ្យរបស់ក្លិប។

រឿងរ៉ាវនៃការប៉ះទង្គិចនិងរងរបួសនៅលើទីលានរបស់កីឡាករបាល់ទាត់ ហើយបន្តឱ្យកីឡាករចូលរួមការប្រកួតទៀតនោះ បានក្លាយជាក្តីបារម្ភសម្រាប់អង្គការសប្បុរសធម៌នានា។ ក្នុងនោះដែរ បញ្ហាកើតឡើង ចាប់តាំងពីអ្នកចាំទី Hugo Lloris ដែលរងរបួសហើយ តែត្រូវបានក្រុមគ្រូពេទ្យសម្រេចឱ្យវិលចូលទីលានវិញ ក្នុងការប្រកួតរវាង Spurs ទល់នឹង Everton កាលពីឆ្នាំ ២០១៣ បានក្លាយជាសារដាស់តឿនដល់កីឡាបាល់ទាត់ ថាជារឿងគ្រោះថ្នាក់ គ្មានការទទួលខុសត្រូវ ហើយ តម្រូវឱ្យមានការផ្លាស់ប្តូរជាបន្ទាន់ បើពេលមានជួបបញ្ហាទាំងនេះ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១២ នៃក្របខណ្ឌ Premier League របស់ CBS ៖
Wolves Vs Spurs ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Arsenal Vs Burnley ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Man Cityថ្ងៃអាទិត្យ ទី១២ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង