×

គ្រូ Chelsea សុំទោសអាជ្ញាកណ្ដាលនិងគ្រូ Man City ចំពោះកាយវិការមិនសមរម្យ

លោក Mauricio Pochettino គ្រូបង្វឹកក្រុមតោខៀវ Chelsea មានការខឹងសម្បារចំពោះអាជ្ញាកណ្តាល Anthony Taylor បន្ទាប់ពីក្រុមតោខៀវបានស្មើ ៤-៤ ជាមួយ Manchester City នៅកីឡដ្ឋាន Stamford Bridge ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីយប់មិញ។

នៅក្នុងវគ្គទីមួយ មានគ្រាប់បាល់កើតឡើងរហូតដល់ ៤គ្រាប់ ដោយ Erling Haaland បើកការនាំមុខឱ្យ Man City នៅនាទីទី២៥ជាមួយការទាត់ប៉េណាល់ទី។ ប៉ុន្តែម្ចាស់ផ្ទះបានវាយបកនៅនាទី២៩ ដោយ Thiago Silva មុនពេល Raheem Sterling ផ្ដល់គ្រាប់បាល់នាំមុខសម្រាប់ Chelsea នៅនាទីទី៣៧។ ទោះជាយ៉ាងណា មុនកញ្ចែបញ្ចប់វគ្គទីមួយ Man City អាចតាមស្មើតាមរយៈការតែតរបស់ Manuel Akanji ។

ក្នុងវគ្គទីពីរ ក្រុមទាំងពីរបន្តសម្រុកគ្នាទៅវិញទៅមក រហូតកើតមានគ្រាប់បាល់ទី៥នៃការប្រកួតពីខ្សែប្រយុទ្ធ Haaland ជាថ្មី នៅនាទី៤៧។ ប៉ុន្តែ Nicolas Jackson បានស៊ុតឱ្យ Chelsea តាមបានស្មើដោយលទ្ធផល ៣-៣។ នៅចុងម៉ោង Rodri ស៊ុតប៉ះ Silva ធ្វើឱ្យបាល់ចូលទី Chelsea ដែលផ្ដល់សង្ឃឹមយ៉ាងខ្លាំងសម្រាប់ការរកបាន ៣ពិន្ទុ ប៉ុន្តែក្នុងនាទីទី៩០បូក៥ ការស៊ុតបាល់ប៉េណាល់ទីរបស់ Cole Palmer បានផ្ដល់មួយពិន្ទុសម្រាប់ Chelsea ។

យ៉ាងណាមិញ នៅនាទីទី១០០ Chelsea ត្រូវបានបដិសេធឱកាសក្នុងការវាយបកលើ Man City ។ការបន្ថែមម៉ោង៨នាទីបានលើស២នាទី នៅពេលដែល Marc Cucurella ឆក់បាល់ពី Phil Foden ដើម្បីធ្វើការវាយបកភ្លាមៗ ប៉ុន្តែអាជ្ញាកណ្តាលលោក Taylor បានផ្លុំកញ្ចែបញ្ចប់។

ការសម្រេចចិត្តនេះ ធ្វើឱ្យលោក Pochettino បានសម្រុកចូលទៅលើទីលានដើម្បីបញ្ចេញការខកចិត្តចំពោះ Taylor។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់គ្រូបង្វឹក Chelsea គាត់បានសុំទោសអាជ្ញាកណ្តាលថា៖ “ខ្ញុំត្រូវតែសុំទោស Anthony និងមន្ត្រីការប្រកួត ព្រោះនៅពេលនោះខ្ញុំមានអារម្មណ៍ថា Raheem អាចធ្វើបាន។
ខ្ញុំសមនឹងទទួលបានកាត ខ្ញុំសុំទោស ព្រោះអាកប្បកិរិយាបែបនេះមិនល្អទេ។
ខ្ញុំចង់សុំទោសគាត់ (Pep) ផងដែរ”។

គ្រូ Chelsea មិនបានចាប់ដៃជាមួយគ្រូ Man City ឡើយ។ ប៉ុន្តែ លោក Guardiola បានឆ្លើយថា៖ “វាមិនមែនជាបញ្ហាទេ។ វាមិនអីទេ។ អារម្មណ៍បែបនេះ ធ្លាប់កើតឡើងចំពោះខ្ញុំពេលខ្លះដែរ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង