×

គ្រូ Chelsea ថា ការប្រកួតស្មើគ្នាទល់នឹង Man City ជាការប្រកួតដ៏អស្ចាត្យនៅលីគកំពូលអង់គ្លេស

ជំនួបក្រុមខ្លាំងប្រចាំសប្តាហ៍ រវាង Chelsea និងម្ចាស់ការពារតំណែងជើងឯក Manchester City ស៊ុតបញ្ចូលទីគ្នាសរុប៨គ្រាប់ ក្នុងការប្រកួតដែលបញ្ចប់ក្នុងលទ្ធផល ៤-៤ នាក្របខណ្ឌ Premier League។

គ្រូបង្វឹក Chelsea លោក Mauricio Pochettino ចាត់ទុកថា នេះជាការប្រកួតដ៏អស្ចារ្យនៅលីគកំពូលអង់គ្លេស។

ការប៉ះគ្នារវាងក្រុមព៌ណខៀវទាំង២ Chelsea និង Man City នៅកីឡដ្ឋាន Stamford Bridge មានកីឡាករ៧រូប បានសម្រេចទីរៀងខ្លួន ក្នុងការប្រកួតលីគកំពូលអង់គ្លេសកាលពីចុងសប្តាហ៍កន្លងទៅ។ Erling Haaland បន្តរកបាន២គ្រាប់ម្នាក់ឯង ជាមួយ Manuel Akanji និង Rodri រកបានម្នាក់១គ្រាប់សម្រាប់ Man City ។ Chelsea ដែលរកបានគ្រាប់តាមស្មើជាបន្តបន្ទាប់ ធ្វើបានដោយ Thiago Silva, Raheem Sterling, Nicolas Jackson និង Cole Palmer។

លទ្ធផលស្មើ ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាដល់ទៅ៨គ្រាប់ លោក Mauricio Pochettino គ្រូបង្វឹក Chelsea ចាត់ទុកជំនួបទល់នឹង Man City នេះ ជាការប្រកួតល្អបំផុតនៅ Premier League គិតត្រឹមសប្តាហ៍ទី១២នេះ។
បុរសជនជាតិអាហ្សង់ទីនបានឱ្យដឹងក្រោយចប់ការប្រកួតថា៖ “វាពិតជាអស្ចារ្យណាស់ ដែល Chelsea អាចតាមបានស្មើ Man City។ អ៊ីចឹងហើយ បានជា Premier League ជាលីគបាល់ទាត់ដ៏ទាក់ទាញបំផុតលើពិភពលោក។ គ្រប់គ្នាពិតជាចង់ បានការប្រកួតដ៏អស្ចារ្យបែបនេះ។ វាពិបាកប៉ាន់ស្មាន តែគ្រប់គ្នាចង់និយាយថា ការប្រកួតនេះរំភើបប៉ុណ្ណា។ Man City ជាក្រុមល្អបំផុតក្នុងលោក តែ Chelsea មានភាពក្លាហាន និងព្យាយាមដណ្តើមយកពិន្ទុមកវិញ។”

តាមរយៈលទ្ធផលនេះ ក្រុមម្ចាស់ការពារតំណែងជើងឯក Man City នៅតែរក្សាចំណាត់ថ្នាក់កំពូលតារាងរបស់ខ្លួន ដោយមាន២៨ពិន្ទុ ស្របពេល Chelsea ក៏ស្ថិតនៅចំណាត់ថ្នាក់លេខ១០ដដែល ដោយរកបាន១៦ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង