×

អ្នកគាំទ្រម្នាក់ ត្រូវហាមឃាត់ពីសកម្មភាពបាល់ទាត់ ៣ឆ្នាំ ដោយសាររើសអើងជាតិសាសន៍លើ Heung Min Son

អ្នកគាំទ្ររបស់ក្រុម Crystal Palace ម្នាក់ដែលធ្លាប់បានរើសអើងពូជសាសន៍លើខ្សែប្រយុទ្ធ Heung Min Son ដែលលេងឱ្យក្រុម Tottenham Hotspur ត្រូវបានហាមឃាត់ពីសកម្មភាពទាក់ទងនឹងបាល់ទាត់ រយៈពេល ៣ឆ្នាំ។

រឿងហេតុនៃការរើសអើងពូជសាសន៍ បានកើតឡើងនៅក្នុងជំនួបរវាង Tottenham Hotspur ដែលយកឈ្នះលើ Crystal Palace កាលពីឧសភា ក្នុងក្របខណ្ឌ Premier League រដូវកាលចាស់។

អ្នកគាំទ្រឈ្មោះ Robert Garland បានបង្ហាញអាកប្បកិរិយារើសអើង ទៅលើ Heung Min Son ពេលរូបគេបានផ្លាស់ប្តូរចេញពីការប្រកួតនៅក្នុងនាទី៨៩។ បុរសសញ្ជាតិអង់គ្លេសដែលបង្ហាញការរើសអើងពូជសាសន៍លើកីឡាករកូរ៉េខាងត្បូង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងពិន័យចំពោះការរើសអើង ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។

អ្នកគាំទ្រវ័យ៤៤ឆ្នាំរូបនោះ បានសារភាពកំហុសចំពោះការប្រើប្រាស់អាកប្បកិរិយារើសអើងពូជសាសន៍ នៅក្នុងការកាត់ក្តីរបស់តុលាការអង់គ្លេស កាលពីដើមឆ្នាំ ២០២៣ ។ រូបគេក៏ត្រូវបានបង្គាប់ឱ្យអនុវត្តសេវាសហគមន៍ និងមានការពិន័យជាទឹកប្រាក់ផងដែរ។

ទោះយ៉ាងណា ព្រះរាជអាជ្ញាបានជំរុញឱ្យមានដីកាហាមឃាត់បន្ថែមលើការកាត់ទោសអ្នកគាំទ្រឈ្មោះ Robert Garland ហើយតុលាក៏បានបន្ថែមទោស ដោយមិនឱ្យចូលរួមការប្រកួតកីឡាបាល់ទាត់រយៈពេល ៣ឆ្នាំ បន្ថែមពីលើទោសចាស់។ លើសពីនេះ រាល់ការប្រកួតអន្តរជាតិនានា របស់ក្រុមអង់គ្លេស ឬក៏ក្លិបនានា បុរសរូបនេះ មិនអាចចូលរួមគាំទ្របានឡើយ ដោយសារត្រូវបានដកហូតលិខិតឆ្លងដែន។

ចំពោះបញ្ហានៃការរើសអើងនេះក្រុម Tottenham Hotspur ក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយដាស់តឿនដល់អ្នកគាំទ្រដទៃផ្សេងទៀត ឱ្យឈប់ប្រព្រឹត្តអំពើរើសអើង។ Tottenham Hotspur ក៏បានគំរាមចាត់វិធានការគ្រប់បែបយ៉ាងតាមផ្លូវច្បាប់ បើសិនមានរឿងទាំងនេះកើតឡើង លើកីឡាករខ្លួនសាជាថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង