×

អតីតខ្សែបម្រើ Cesc Fabregas ក្លាយជាគ្រូបង្វឹកស្តីទីក្លិប Como

អតីតខ្សែបម្រើ Arsenal, Chelsea និង Barcelona លោក Cesc Fabregas ត្រូវបានតែងតាំងជាគ្រូបង្វឹកស្តីទី ក្លិប Como នៅក្របខណ្ឌ Serie B ដែលជាក្របខណ្ឌកំពូលទី២របស់អ៊ីតាលី។

បុរសជនជាតិអេស្ប៉ាញ បានចូលមកកាន់តំណែងនៅក្លិប Como ជំនួសគ្រូបង្វឹក លោក Moreno Longo ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីពេលថ្មីៗនេះ។

មុនឡើងក្លាយជាគ្រូបង្វឹក បុរសវ័យ៣៦ឆ្នាំ បានលេងជាកីឡាករសម្រាប់ ក្លិប Como ចំនួន១៧ដង កាលពីរដូវកាលកន្លងទៅ មុនពេលចូលនិវត្តន៍ពីអាជីពជាកីឡាករ និងវិវឌ្ឈខ្លួនជាគ្រូបង្វឹកដឹកនាំក្រុមយុវជនរបស់ក្លិប។

សេចក្តីថ្លែងការណ៍មួយរបស់ក្លិប Como បាននិយាយថា៖ “ក្លិបចង់ចាប់ផ្តើមផ្លូវថ្មីមួយដែលសង្ឃឹមថានឹងផ្តល់នូវភាពរំភើបនិងការប្រកួតដ៏ពិសេសសម្រាប់អ្នកគាំទ្រ។ ចំពោះការតែងតាំងលោក Cesc Fabregas ជាគ្រូបង្វឹកអចិន្រ្តៃយ៍នឹងត្រូវបានធ្វើឡើងនៅក្នុងពេលខាងមុខឆាប់ៗនេះ។”

Fabregas បានចូលរួមជាមួយ Como ក្នុងខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីចាកចេញពី Monaco ហើយក៏ក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្លិបជាមួយនឹងអតីតមិត្តរួមក្រុម Arsenal និង Barcelona លោក Thierry Henry។ អតីតខ្សែបម្រើ Chelsea និងអង់គ្លេស Dennis Wise ជាប្រធានក្លិប បន្ទាប់ពីចូលរួមដំបូងជាអ្នកប្រឹក្សាបច្ចេកទេសក្នុងឆ្នាំ ២០១៩។

Fabregas បានលេង ២១២ ប្រកួតនៅក្របខណ្ឌ Premier League ជាមួយ Arsenal ចន្លោះឆ្នាំ ២០០៤-១១ មុនពេលផ្លាស់ទៅ Barcelona នៅឆ្នាំ២០១៤។ បន្ទាប់ពីលេងរយៈពេល៣ឆ្នាំ ជាមួយ Barcelona, Fabregas បានត្រលប់ទៅក្របខណ្ឌ Premier League ក្នុងឆ្នាំ ២០១៤ ដោយលេងជាមួយ Chelsea។ នៅឆ្នាំ២០២២ រូបគេបានទៅចូលរួមជាមួយ Monaco ប៉ុន្តែដោយសារបញ្ហារបួសញាំញី រូបគេបានអវត្តមានពីទីលាន និងបានចាកចេញនៅឆ្នាំ ២០២២ ហើយទៅចូលរួម Monaco B នៅឆ្នាំ២០២២។

សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ Fabregas បង្ហាញខ្លួនបាន ១១០ប្រកួត ក្នុងនោះឈ្នះជើងឯកអឺរ៉ុបពីរដងក្នុងឆ្នាំ ២០០៨ និង ២០១២ និង FIFA World Cup ១លើកនៅ ឆ្នាំ២០១០។

ដោយឡែក ការប្រកួតដំបូងរបស់លោក Fabregas ក្នុងនាមជាគ្រូបង្វឹក នឹងធ្វើឡើងនៅទឹកដីក្រុម Feralpisalo បន្ទាប់ពីសម្រាកអន្តរជាតិនៅថ្ងៃទី ២៥ ខែវិច្ឆិកា។

Como បច្ចុប្បន្ន កំពុងឈរនៅលេខរៀងទី ៦ ក្នុងតារាងពិន្ទុក្របខណ្ឌ Serie B ដោយមាន ២១ ពិន្ទុពីការប្រកួត ១២ លើកដំបូងរបស់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង