បើទោះជាមិនសូវទទួលបានឱកាសច្រើនក្នុងការបង្ហាញខ្លួននៅ Manchester United តែខ្សែការពារ Harry Maguire នៅតែបន្តប្រយុទ្ធសម្រាប់តំណែងជម្រើស ១១នាក់ដំបូងនៅក្នុងក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag។ កីឡាករអង់គ្លេសអះអាងថា ខ្លួនបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ដែលបន្តស្នាក់នៅ Man UTD ទោះជាក្រុមបច្ចុប្បន្នកំពុងមានបញ្ហាទម្រង់លេងក៏ដោយ។
កាលរដូវកាលមុន Maguire បានខកខានបង្ហាញខ្លួននៅក្រុមបិសាចក្រហមស្ទើរតែទាំងស្រុង ខណៈ កីឡាករខ្សែការពារ Raphael Varane, Lisandro Martinez និង Victor Lindelof ត្រូវបានជ្រើសរើសដោយលោក Ten Hag សម្រាប់កាន់កាប់តំណែងតំបន់ការពារប្រចាំក្រុម។ នៅទីផ្សារដោះដូរមុនបើករដូវកាល Maguire ក៏ត្រូវបានគេរាយការណ៍ថាត្រូវបាន West Ham ទាក់ទងដើម្បីទៅចូលរួម។
យ៉ាងណា Maguire បានជម្នះរាល់ការរិះគន់ពីសំណាក់អ្នកគាំទ្រ ចំពោះបញ្ហាទម្រង់លេង រហូតមកដល់ពេលបច្ចុប្បន្ន កីឡាករវ័យ ៣០ឆ្នាំ បានក្លាយជាជម្រើសរបស់លោក Ten Hag ទន្ទឹមនឹងខ្សែការពារ Raphael Varane និង Martinez រងរបួសរយៈពេលយូរ។ គិតដល់ពេលនេះ Maguire បង្ហាញខ្លួនបានចំនួន ៨ ប្រកួតចុងក្រោយជាប់ៗគ្នា។
ទាក់ទិននឹងរឿងនេះ Maguire បាននិយាយថា៖ “ពិតណាស់ Varane និង Martinez កំពុងមានទម្រង់លេងដ៏អស្ចារ្យ។ ខ្ញុំមានឱកាស ២ ឬ ៣ ប្រកួត រដូវកាលមុន ខ្ញុំមានបញ្ហាធ្លាក់ចុះទម្រង់លេងជាមួយនឹងការឡើងទម្ងន់ ព្រមទាំងរងរបួស ២លើកជាប់គ្នា ដូច្នេះខ្ញុំមិនសូវទទួលបានទម្រង់លេងដ៏ល្អ និងការប្រកួតគ្រប់គ្រាន់ ដើម្បីអាចបង្ហាញខ្លួនវិញទេ។ តែពេលនេះខ្ញុំទទួលបានវា ខ្ញុំពេញចិត្តក្នុងការលេងបាល់របស់ខ្ញុំ ខ្ញុំពិតជារីករាយនឹងចូលចិត្តការលេងសម្រាប់ក្លិបមួយនេះ។”
ដោយឡែក បច្ចុប្បន្ន Man UTD ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ៦ ហើយការប្រកួតបន្ទាប់របស់ពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ការប្រកួតទល់នឹងក្រុម Everton នាថ្ងៃទី២៦ ខែវិច្ឆិកា ក្រោយការប្រកួត FIFA Days បានបញ្ចប់ ដែលនឹងមានការផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN នៅកម្ពុជា ចាប់ពីម៉ោង ២៣:២៥ នាទីតទៅ៕