នាយកប្រតិបត្តិ Man UTD លោក Richard Arnold អាចនឹងលាលែងពីតំណែង មុនពេលដែលក្លិបបានរាយការណ៍ថាលក់ភាគហ៊ុនទៅអោយមហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe ។
ទីប្រឹក្សាទូទៅ និងជានាយកក្រុមប្រឹក្សាភិបាល លោក Patrick Stewart ដែលរួមរស់ជាមួយ Man UTD អស់រយៈពេលជាង ១៧ ឆ្នាំ នឹងក្លាយជានាយកប្រតិបត្តិបណ្តោះអាសន្ន ដែលអនុញ្ញាតអោយម្ចាស់ក្លិបនាពេលអនាគតស្វែងរកគោលដៅដើម្បីកំណត់ជានាយកប្រតិបត្តិថ្មី យូរអង្វែង។
ភាពជាម្ចាស់នាពេលអនាគតរបស់ Man UTD នៅតែមិនច្បាស់លាស់បន្ទាប់ពីគ្រួសារមហាសេដ្ឋីអាមេរិក Glazer កាលពីឆ្នាំមុនបាននិយាយថាពួកគេកំពុងសម្លឹងមើលការលក់ភាគហ៊ុនក្លិបម្ចាស់ជើងឯកអង់គ្លេស ២០ សម័យ រួមទាំងការវិនិយោគបន្ថែម។
មានការរាយការណ៍កាលពីខែតុលាថា លោក Ratcliffe នឹងចំណាយប្រាក់ច្រើនជាង ១,៥ ពាន់លានដុល្លារសម្រាប់ភាគហ៊ុន ២៥ភាគរយរបស់ Man UTD។ យ៉ាងណា គ្រួសារ Glazers មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាមួយលោក Ratcliffe នៅឡើយទេ ប៉ុន្តែវានឹងអាចធ្វើឡើងនាពេលឆាប់ៗ។
លោក Richard Arnold ត្រូវបានតែងតាំងជា នាយកប្រតិបត្តិ Man UTD បន្តពីលោក Ed Woodward កាលពីឆ្នាំ២០២២។ ដោយមានភារកិច្ចស្តារក្លិបបិសាចក្រហមឡើងវិញ លោក Richard Arnold បាននាំយកគ្រូបង្វឹកលោក Erik ten Hag មកដឹកនាំ តែបុរសជនជាតិហូឡង់ក៏បានរងសម្ពាធយ៉ាងខ្លាំង នារយៈពេលចុងក្រោយនេះ ដោយសារតែក្លិបលេងមិនសូវបានល្អនៅលើទីលាន។
ជុំវិញរឿងនេះ ក្លិប Man UTD បាននិយាយថា លោក Arnold នឹងដឹកនាំក្លិបរហូតដល់ចុងខែធ្នូ ហើយពួកគេនឹងចាប់ផ្តើមស្វែងរកនាយកប្រតិបត្តិអចិន្ត្រៃយ៍ជាបន្ត។
ក្រោមការដឹកនាំរបស់ លោក Richard Arnold ក្លិប Man UTD បានប្រកាសពីប្រាក់ចំណូលជាកំណត់ត្រា និងទទួលបានការឧបត្ថម្ភធំៗមួយចំនួន រួមទាំងកិច្ចព្រមព្រៀងពីក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas ទំហំ ១,១ ពាន់លានដុល្លារ សម្រាប់រយៈពេល១០ ឆ្នាំបន្ថែមទៀតកាលពីខែសីហាកន្លងទៅ។ បន្ថែមពីនេះ លោកក៏បានដឹកនាំអោយតម្លៃភាគហ៊ុនរបស់ Man UTD កើនឡើង ១,៣ភាគរយ នៅក្នុងការជួញដូរក្នុងទីផ្សារអន្តរជាតិផងដែរ៕