លោក Mikel Arteta អ្នកចាត់ការរបស់ក្រុម Arsenal ត្រូវបានសមាគមបាល់ទាត់អង់គ្លេស (FA) ចោទប្រកាន់ពីបទអត្ថាធិប្បាយដែលប៉ះពាល់ ក្រោយបរាជ័យក្រោមថ្វីជើងរបស់ក្រុម Newcastle United ក្នុងលទ្ធផល ១-០ ។
Arteta អាយុ ៤១ឆ្នាំ បានចាត់ទុកការសម្រេចចិត្តរបស់វីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ក្នុងការអនុញ្ញាតឱ្យគ្រាប់បាល់របស់ Newcastle កើតឡើងជាអំពើគួរឱ្យអាម៉ាស់។ គ្រាប់បាល់របស់ Anthony Gordon មានការត្រួតពិនិត្យ VAR ៣ដង ហើយត្រូវបានគេវិនិច្ឆ័យថាពិតជាមិនចេញក្រៅខ្សែឡើយ។
លោក Arteta មានរយៈពេលរហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់នេះ។
សេចក្តីថ្លែងការណ៍របស់ FA បាននិយាយថា៖ “ការចោទប្រកាន់គឺថា ការអត្ថាធិប្បាយរបស់គាត់ជាទង្វើមិនត្រឹមត្រូវ ខណៈពួកគេកំពុងជេរប្រមាថដល់មន្ត្រីនៃការប្រកួត និង/ឬធ្វើឱ្យខូចខាតដល់ការប្រកួត និង/ឬធ្វើឱ្យការប្រកួតទៅជាមិនសមរម្យ”។
Arsenal បានគាំទ្រការអត្ថាធិប្បាយរបស់ Arteta នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប ខណៈអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថាវាជាកាតព្វកិច្ចរបស់គាត់ក្នុងការការពារក្លិប។ ក្លិបបាននិយាយថា ការកាត់ក្តីនេះគឺមិនអាចទទួលយកបាន ដោយបន្ថែមថាកីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រទាំងអស់សមនឹងទទួលបានប្រសើរជាងនេះ។
ប្រធានអាជ្ញាកណ្តាល Howard Webb បានគាំទ្រការសម្រេចចិត្តរបស់អាជ្ញាកណ្តាល Stuart Attwell និងក្រុម VAR ។
ការបរាជ័យទល់នឹង Newcastle បានបញ្ចប់ការចាប់ផ្តើមនៃក្របខណ្ឌ Premier League ដែលមិនធ្លាប់ចាញ់របស់ក្រុម Arsenal ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងតារាង ដោយមានគម្លាត១ពិន្ទុពីក្រុមកំពូលតារាង Manchester City ។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៣ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Liverpool ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Newcastle Vs Chelsea ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Everton Vs Man Utd ថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕