ខ្សែបម្រើ Bruno Fernandes បានទទូចថា ខ្លួនរីករាយក្នុងការស្នាក់នៅក្រុម Manchester United ក្នុងអំឡុងពេលដែលគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្របខណ្ឌ Saudi Pro League ។
កីឡាករវ័យ ២៩ ឆ្នាំដែលត្រូវបានតែងតាំងជាប្រធានក្រុម Man United ជាការចុះហត្ថលេខាដ៏ល្អសម្រាប់ក្រុមបិសាចក្រហមចាប់តាំងពីការមកដល់របស់គាត់ពីក្រុម Sporting Lisbon ក្នុងខែមករាឆ្នាំ២០២០។
Fernandes រកបាន ៦៨ គ្រាប់និងបញ្ជូន ៥៧ដង ក្នុងការបង្ហាញខ្លួន ២០២ សម្រាប់ Man Utd ហើយគាត់ត្រូវបានគេមើលឃើញថាជាកីឡាករដ៏សំខាន់បំផុតម្នាក់របស់ក្រុម។
របាយការណ៍ថ្មីៗនេះបានអះអាងថា ម្ចាស់ភាគហ៊ុន Sir Jim Ratcliffe ប្តេជ្ញាចិត្តរក្សាកីឡាករអន្តរជាតិព័រទុយហ្គាល់ ដោយចាត់ទុកគាត់ជាចំណុចកណ្តាលនៃផែនការរបស់ក្លិបឆ្ពោះទៅមុខ។
Fernandes បានសារភាពថាការចាប់ផ្តើមនេះខ្លួនពុំសូវធ្វើបានល្អទេ ដោយក្រុមបានរងបរាជ័យចំនួន ៩ ប្រកួតរួចមកហើយនៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ទោះជាយ៉ាងណា ខ្សែបម្រើរូបនេះបានទទូចថាគាត់រីករាយនៅ Old Trafford ។
Fernandes បានប្រាប់សារព័ត៌មានរបស់ព័រទុយហ្គាល់ថា៖ “ខ្ញុំកំពុងផ្តោតលើក្រុមជម្រើសជាតិ និង United ។ ខ្ញុំសប្បាយចិត្តចំពោះកន្លែងដែលខ្ញុំនៅ។
បច្ចុប្បន្ន វាងាយស្រួលណាស់ក្នុងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមនៅក្នុងសារព័ត៌មាន។ ខ្ញុំចូលចិត្តផ្តោតលើគោលដៅរបស់ខ្ញុំ”។
ថ្វីបើ Man Utd មានបញ្ហាក្នុងរដូវកាលនេះក៏ដោយ ក៏ពួកគេបានឈ្នះ ៤ដងក្នុងចំណោម ៥ ប្រកួតចុងក្រោយរបស់ពួកគេ នៅក្នុងក្របខណ្ឌ Premier League រួមទាំងជ័យជម្នះ ១-០ លើក្រុម Luton Town កាលពីចុងសប្តាហ៍មុន។
ក្រុមរបស់លោក Erik ten Hag មានគម្លាត ៥ ពិន្ទុតាមពីក្រោយក្រុមលេខ ៤ Tottenham Hotspur ហើយនឹងធ្វើដំណើរទៅកាន់ជួបក្រុម Everton បន្ទាប់ពីសម្រាកអន្តរជាតិ។
បន្ទាប់មក Man United មានការប្រកួតត្រូវតែឈ្នះជាមួយ Galatasaray ក្នុងក្របខណ្ឌ Champions League មុននឹងត្រលប់ទៅការប្រកួត Premier League ក្រៅដីជាមួយ Newcastle United ៕