×

Benjamin Mendy ប្ដឹង Man City មិនបើកប្រាក់ឈ្នួលឱ្យខ្លួន

កីឡាករ Benjamin Mendy គ្រោងនឹងប្តឹងក្រុម Manchester City ដោយអះអាងថាក្លិបបានជំពាក់ប្រាក់ឈ្នួលរាប់លានផោន បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ កាលពី២ឆ្នាំមុន។

កីឡាករវ័យ ២៩ឆ្នាំ ត្រូវបានដោះលែងឱ្យមានសេរីភាព ហើយបានចាកចេញពី Man City នៅពេលដែលកិច្ចសន្យារបស់គាត់បានផុតសុពលភាព កាលពីខែមិថុនា ឆ្នាំ២០២៣។ ប៉ុន្តែសេចក្ដីរាយការណ៍បានឱ្យដឹងថា Man City បានឈប់ផ្ដល់បង់ប្រាក់ឈ្នួលដល់ Mendy ត្រឹមខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ដំបូង និងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង។

សេចក្តីថ្លែងការណ៍មួយក្នុងនាម Mendy បានប្រាប់ Sky Sports និង The Guardian ថា៖ “Manchester City FC ខកខានមិនបានបើកប្រាក់ឈ្នួលឱ្យលោក Mendy ទាំងអស់ចាប់ពីខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីលោក Mendy ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋផ្សេងៗ ដែលគាត់ត្រូវបានដោះលែងជាបន្តបន្ទាប់ រហូតដល់ចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់ក្នុងខែមិថុនា ឆ្នាំ២០២៣”។

Mendy ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួន ៦ករណី និងបំពានផ្លូវភេទ ១ករណី។ គាត់ត្រូវបានរកឃើញថាមិនមានពិរុទ្ធលើបទចោទទាំងពីរនេះ នៅក្នុងការជំនុំជម្រះក្តីក្នុងខែកក្កដា។

Mendy ដែលត្រូវបានរាយការណ៍ថាទទួលបានប្រាក់ឈ្នួលប្រហែល ១០ម៉ឺនផោន (១២៥០០០ដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ពី City កំពុងទាមទារប្រាក់ឈ្នួលដែលគាត់ត្រូវបានគេជំពាក់ រហូតដល់ចុងបញ្ចប់នៃកិច្ចសន្យា។

គួរបញ្ជាក់ថា Mendy បានលេងជាលើកចុងក្រោយឱ្យក្រុមរបស់លោក Pep Guardiola ក្នុងឆ្នាំ២០២១ ហើយបានចូលរួមជាមួយក្លិបបារាំង Lorient នៅដើមរដូវកាលនេះ។

សម្រាប់បងប្អូនរស់នៅក្នុងប្រទេសកម្ពុជា អាចទស្សនាការប្រកួតរវាង Manchester City និង Liverpool នៅលើកញ្ចក់ទូរទស្សន៍ CNC នាថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ចាប់ពីម៉ោង ៧:២៥ នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង