×

គ្រូបង្វឹក Arsenal រងបទចោទពី FA ជុំវិញការរិះគន់អាជ្ញាកណ្តាល

លោក Mikel Arteta គ្រូបង្វឹក Arsenal ត្រូវបានសមាគមកីឡាបាល់ទាត់អង់គ្លេស FA ចោទប្រកាន់ ជុំវិញការនិយាយប្រមាថទៅលើមន្រ្តីអាជ្ញាកណ្តាលការប្រកួត។

បុរសសញ្ជាតិអេស្ប៉ាញ បានចាត់ទុកការសម្រេចចិត្ត បដិសេធការផ្តល់គ្រាប់បាល់របស់កីឡាករ Anthony Gordon ក្នុងការប្រកួត Arsenal ចាញ់ក្រុម Newcastle United លទ្ធផល ១-០ ក្នុងការប្រកួតកាលពីដើមខែវិច្ឆិកា ថាជាការអាម៉ាស់មួយ បន្ទាប់ពីគ្រាប់បាល់នោះត្រូវបានផ្តល់ជូនក្រោយពេលការវាយតម្លៃពីប្រព័ន្ធអាជ្ញាកណ្តាល VAR ចំនួន ៣ដង។

បើតាមសេចក្តីថ្លែងការណ៍របស់ FA បានឱ្យដឹងថា លោក Mikel Arteta ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់របស់ FA បន្ទាប់ពីលោកបាននិយាយរិះគន់ដែលធ្វើឡើងនៅក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ ក្រោយការប្រកួតជំនួបក្របខណ្ឌ Premier League របស់ Arsenal ទល់នឹងក្រុម Newcastle United កាលពីថ្ងៃទី៤ ខែវិច្ឆកា។

ស្ថាប័នគ្រប់គ្រងបាល់ទាត់អង់គ្លេសចោទលោក Mikel Arteta ថា ការនិយាយរបស់លោកគឺជារឿងមិនត្រឹមត្រូវ ខណៈដែលមានការប្រើពាក្យប្រមាថដល់មន្ត្រីការប្រកួត ឬធ្វើឱ្យខូចខាតដល់ការប្រកួតថែមទៀត។

បន្ទាប់ពីមានសេចក្តីប្រកាសពីការចោទប្រកាន់លើគ្រូបង្វឹកក្រុម Arsenal រួចមក សមាគមបាល់ទាត់អង់គ្លេស FA ក៏ផ្តល់ពេលវេលាសម្រាប់លោក Mikel Arteta ឆ្លើយតបចំពោះការចោទប្រកាន់ ត្រឹមថ្ងៃទី២១ ខែវិច្ឆិកា។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៣ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Liverpool ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Newcastle Vs Chelsea ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ CTN
Everton Vs Man Utd ថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង