×

សភាអង់គ្លេសបើកកិច្ចប្រជុំដោះស្រាយលើបញ្ហាកាត់ពិន្ទុ Everton ១០ពិន្ទុ

ការកាត់១០ពិន្ទុរបស់ក្លិប Everton ដោយស្ថាប័ន Premier League ត្រូវបានបញ្ជូនទៅសភាអង់គ្លេស បន្ទាប់ពីសមាជិកសភាម្នាក់ ជាតំណាងរាស្ត្រទីក្រុង Liverpool បានចាត់ទុកការដាក់ទណ្ឌកម្មនេះថាអយុត្តិធម៌ទាំងស្រុង។

លោក Ian Byrne សមាជិកសភាមួយរូបបានដាក់សំណើ នៅក្នុងសភានៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា សម្រាប់សមាជិកសភាផ្សេងទៀតដើម្បីពិចារណា។ Everton បានទទួលទណ្ឌកម្ម កាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានរកឃើញថាបានបំពានច្បាប់ហិរញ្ញវត្ថុរបស់ Premier League។ លោក Byrne ក៏បានអំពាវនាវឱ្យបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីដោះស្រាយលើបញ្ហានេះជាបន្ទាន់។

កាលពីខែកុម្ភៈ រដ្ឋាភិបាលអង់គ្លេសបានប្រកាសពីផែនការបង្កើតគណៈកម្មការមួយ បន្ទាប់ពីព្រះបន្ទួលរបស់ព្រះមហាក្សត្រ King Charles ទី៣ ស្នើឱ្យបង្កើតច្បាប់រដ្ឋបាលបាល់ទាត់មួយ ដើម្បីការពារផលប្រយោជន៍របស់ក្លិប សហគមន៍បាល់ទាត់ និងអ្នកគាំទ្រ។

ក្លិបក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស ត្រូវបានអនុញ្ញាតឱ្យខាតបង់ ១០៥ លានផោនក្នុងរយៈពេល ៣ ឆ្នាំ ហើយគណៈកម្មការឯករាជ្យបានរកឃើញថាការខាតបង់របស់ Everton ក្នុងរយៈពេល៣ឆ្នាំគិតត្រឹមរដូវកាល២០២១-២២ មានចំនួន ១២៤,៥ លានផោន។

ការដាក់ទណ្ឌកម្មនេះ គឺជាការដាក់ទណ្ឌកម្មកីឡាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ Premier League បណ្ដាលឱ្យក្រុម Everton ធ្លាក់ទៅចំណាត់ថ្នាក់លេខ ១៩ ដោយមានគន្លាត ២ពិន្ទុពីតំបន់សុវត្ថិភាព។

ក្លិប Everton បានចំណាយ ៧៦០លានផោនទៅលើកីឡដ្ឋានថ្មីរបស់ខ្លួនដែលកំពុងសាងសង់ ស្របពេលដែលវិបត្តិកូវីដ១៩បានវាយលុកសេដ្ឋកិច្ច ហើយសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានបណ្ដាលឱ្យផ្អាកការឧបត្ថម្ភរបស់ក្រុមហ៊ុនស្មាតហ្វូនរុស្ស៊ីដែលមានឈ្មោះថា USM ។

Everton គ្រោងនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ។ ពួកគេនឹងត្រូវប្រកួតក្របខណ្ឌ Premier League ទល់នឹង Manchester United នៅក្នុងសប្ដាហ៍ទី១៣ ដែលទស្សនិកជននៅក្នុងប្រទេសកម្ពុជា អាចទស្សនាការផ្សាយបន្តផ្ទាល់ផ្ដាច់មុខសម្រាប់ការប្រកួតរវាងក្រុមទាំងពីរ នៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ចាប់ពីម៉ោង ១១:២៥ នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង