Christopher Nkunku ទំនងជាមិនទាន់ចូលលេងសម្រាប់ Chelsea ទល់នឹង Newcastle បានទេ ស្របពេលដែលខ្សែប្រយុទ្ធតម្លៃ ៥២ លានផោនរូបនេះ បានត្រឡប់មកពីរបួសជង្គង់ធ្ងន់ធ្ងរ។
ខ្សែប្រយុទ្ធជម្រើសជាតិបារាំង ដែលបានផ្ទេរពីក្រុម RB Leipzig បានទទួលការវះកាត់ បន្ទាប់ពីលេងឱ្យ Chelsea ទល់នឹង Borussia Dortmund នៅមុនបើករដូវកាល ។
Nkunku វ័យ ២៦ ឆ្នាំកំពុងហ្វឹកហាត់នៅលើស្មៅនៅ Cobham ជាមួយអ្នកចាត់ការ Mauricio Pochettino បាននិយាយថាថ្មីៗនេះគាត់ជិតត្រឡប់ទៅកាន់ទីលានប្រកួតសាជាថ្មី។ ប៉ុន្តែបុគ្គលិកពេទ្យរបស់ Chelsea មិនប្រថុយឱ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងចូលលេងភ្លាមៗទេ។
Nkunku ដែលបានចុះហត្ថលេខាលើកុងត្រា ៦ឆ្នាំនៅកីឡដ្ឋាន Stamford Bridge អាចនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតរបស់ Chelsea នៅដើមខែធ្នូ ទល់នឹង Brighton, Manchester United និង Everton ។ រូបគេបានស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៥២ លើកសម្រាប់ក្លឹបអាឡឺម៉ង់ RB Leipzig ក្នុងរដូវកាល ២០២១-២២ និង ២៣ គ្រាប់ក្នុង ៣៦ ប្រកួតកាលពីរដូវកាលមុន។
Chelsea ស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងពីរប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Tottenham Hotspur និង Manchester City បន្ទាប់ពីទទួលលទ្ធផលមិនបានល្អនៅដើមរដូវកាល។
ការប្រកួតរវាង Newcastle ទល់នឹង Chelsea នឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV នាថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ចាប់ពីម៉ោង ៩:៥៥ នាទីយប់តទៅ សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា៕