Newcastle United នឹងអាចចុះហត្ថលេខាជាមួយកីឡាករពីក្លិបដែលគ្រប់គ្រងដោយម្ចាស់ជាជនជាតិអារ៉ាប៊ីសាអូឌីតរបស់ពួកគេ នាខែមករាខាងមុខ បន្ទាប់ពីក្លិប Premier League បានបោះឆ្នោតផ្ដល់សំឡេងមិនគ្រប់គ្រាន់ដើម្បីគាំទ្រលើការហាមឃាត់លើការខ្ចីជើងកីឡាករពីក្លិបភាគីពាក់ព័ន្ធ។
ក្លិបចំនួន ១២ បានបោះឆ្នោតគាំទ្រការទប់ស្កាត់លើការខ្ចីជើងកីឡាកររវាងក្លិបដែលស្ថិតនៅក្រោមម្ចាស់តែមួយ ដែលវាមានន័យថា សំឡេងប្រឆាំងនៅខ្វះចំនួនពីរទៀត ដើម្បីគ្រប់គ្រាន់ក្នុងការអនុម័ត។ Newcastle, Manchester City, Chelsea, Sheffield United, Everton, Wolves, Nottingham Forest និង Burnley បានបោះឆ្នោតប្រឆាំងនឹងបម្រាមនេះ។
វាមានន័យថា Newcastle United អាចចុះហត្ថលេខាលើកីឡាករពីក្លិបដែលគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីត (PIF) ផងដែរ។
Newcastle ដែលលក់ឱ្យមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងទឹកប្រាក់ ៣០៥ លានផោនក្នុងខែតុលា ឆ្នាំ២០២១ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរអតីតប្រធានក្រុម Wolves ពោលគឺ Ruben Neves ពីក្រុម Al-Hilal របស់ក្របខណ្ឌ Saudi Pro League ។
មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីត បានកាន់កាប់ក្លិបអារ៉ាប៊ីសាអូឌីតចំនួន ៤ មានដូចជា Al-Nassr, Al-Hilal, Al-Ahli និង Al-Ittihad ។
អតីតកីឡាករក្នុងក្របខណ្ឌ Premier League ដ៏ល្បីផ្សេងទៀតដែលបច្ចុប្បន្នលេងនៅក្លិបដែលគ្រប់គ្រងដោយ មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីត រួមមាន Cristiano Ronaldo (Al-Nassr), Roberto Firmino (Al-Ahli), Sadio Mane (Al-Nassr) និង Riyad Mahrez (Al-Ahli)។
Neves វ័យ ២៦ ឆ្នាំ ដែលបានចូលរួមជាមួយ Al-Hilal ក្នុងតម្លៃ ៤៧ លានផោនក្នុងខែមិថុនា បានទទួលការចាប់អារម្មណ៍ពី Newcastle ដើម្បីមកបំពេញចន្លោះខ្សែបម្រើ ក្រោយការព្យួររយៈពេល ១០ខែទៅលើខ្សែបម្រើ Sandro Tonali សម្រាប់ការបំពានច្បាប់ល្បែងភ្នាល់។
មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីត ដែលគ្រប់គ្រងដោយប្រធានក្លិប Newcastle លោក Yasir Al-Rumayyan មានទ្រព្យសម្បត្តិ ២៥០ពាន់លានផោន ដែលធ្វើឱ្យ Newcastle ក្លាយជាក្លិបដែលមានជាងគេបំផុតនៅលើពិភពលោក។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៣ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Liverpool ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Newcastle Vs Chelsea ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ CTN
Everton Vs Man Utd ថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕