×

ខ្សែការពារ Luke Shaw ត្រឡប់មកកាន់ទីលានហ្វឹកហាត់របស់ Man Utd

ខ្សែការពារ Luke Shaw បានត្រលប់មកហ្វឹកហាត់ពេញលេញវិញមុនការប្រកួតនៅក្របខណ្ឌ Premier League របស់ Manchester United ទល់នឹង Everton ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ចាប់ពីម៉ោង ១១:២៥ នាទីយប់តទៅ សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា។

Shaw បានអវត្តមានពីការប្រកួតរយៈពេល៣ខែចុងក្រោយដោយសារបញ្ហារបួសសាច់ដុំ ប៉ុន្តែបានចូលរួមក្នុងការហ្វឹកហាត់ ជាមួយមិត្តរួមក្រុមនៅទីលាន Carrington របស់ក្រុមបិសាចក្រហម។

ខ្សែការពារសញ្ជាតិអង់គ្លេស មិនបានលេងចាប់តាំងពីការចាញ់ ២-០ ក្រោមស្នាដៃក្រុម Tottenham កាលពីខែសីហា ប៉ុន្តែអាចនឹងត្រលប់មកវិញនៅក្នុងការប្រកួតនាកីឡដ្ឋាន Goodison Park ។ ក្រុមរបស់លោក Ten Hag បានប្រើប្រាស់ Sergio Reguilón, Diogo Dalot, Victor Lindelöf និង Sofyan Amrabat ឱ្យរ៉ាប់រង់នៅតំណែងខ្សែការពារឆ្វេងក្នុងអវត្តមានរបស់ Shaw ។

ខ្សែការពារស្លាបឆ្វេង Tyrell Malacia មិនទាន់មានវត្តមាននៅរដូវកាលនេះនៅឡើយទេ ដោយសាររបួសជង្គង់។ Lisandro Martínez និង Casemiro មិនត្រូវបានគេរំពឹងថានឹងត្រលប់មកវិញទេរហូតដល់ក្រោយបុណ្យណូអែល ខណៈ Christian Eriksen និង Rasmus Højlund បានរងរបួសក្នុងការប្រកួតចុងក្រោយរបស់ United ដែលជាការទទួលជ័យជម្នះ ១-០ លើ Luton Town នៅ Old Trafford ។

Jonny Evans ត្រូវបានអវត្តមានបន្ទាប់ពីរងរបួសសាច់ដុំក្នុងការបរាជ័យ ៤-៣ ក្រោមស្នាដៃក្រុម FC Copenhagen ខណៈអ្នកចាំទី André Onana មានបញ្ហាខ្នងក្នុងការលេងឱ្យជម្រើសជាតិកាមេរូនអំឡុងពេលសម្រាកអន្តរជាតិ។

Onana ត្រូវបានវាយតម្លៃដោយបុគ្គលិកពេទ្យរបស់ United មុនពេលធ្វើដំណើរទៅកាន់ Everton ។ ប្រភពជិតស្និទ្ធនឹង Onana បានប្រាប់ថា អ្នកចាំទីវ័យ ២៧ ឆ្នាំរំពឹងថានឹងអាចលេងនៅបាននៅ Goodison ។

ប្រសិនបើ Onana មិនទាន់ត្រៀមខ្លួនរួចរាល់ទេ លោក Ten Hag នឹងផ្ដល់ភារកិច្ចទៅអ្នកចាំទីដៃទី២ Altay Bayindir ដែលផ្ទេរក្នុងតម្លៃ ៤,៣ លានផោនពីក្រុមតួកគី Fenerbahce ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៣ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Liverpool ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Newcastle Vs Chelsea ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ CTN
Everton Vs Man Utd ថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង