Liverpool គ្រោងនឹងបើកកន្លែងអង្គុយទស្សនាជាន់ខាងលើថ្មី ឬ Anfield Road standនៅពេលដែលពួកគេប្រកួតជាមួយ Manchester United ក្នុងក្របខណ្ឌ Premier League នៅពាក់កណ្ដាលខែធ្នូ ខាងមុខនេះ។
ក្លិបហង្សក្រហម បានចំណាយទឹកប្រាក់ ៨០ លានផោនដើម្បីបន្ថែមកន្លែងអង្គុយទស្សនាចំនួន ៧០០០ កន្លែង ដែលអាចធ្វើឱ្យកីឡដ្ឋានរបស់ខ្លួនអាចផ្ទុករហូតដល់ ៦១០០០នាក់។
Liverpool ជឿថា កៅអីជាងពាក់កណ្តាលនៅជាន់ខាងលើនឹងបើកសម្រាប់ការប្រកួតជាមួយ United ដោយរង់ចាំការយល់ព្រមពីផ្នែកសុវត្ថិភាព។ ការប្រកួតរបស់ Liverpool នៅខែធ្នូ មាន West Ham, Arsenal និង Newcastle United ។
សេចក្តីថ្លែងការណ៍របស់ Liverpool បានឱ្យដឹងថា៖ “ជាន់ខាងលើកន្លែងទស្សនាថ្មី នឹងត្រូវបានបើកដោយផ្នែក សម្រាប់ការប្រកួតនាពេលខាងមុខទល់នឹង Manchester United នៅថ្ងៃទី ១៧ ខែធ្នូ ជាមួយនឹងកៅអីរាប់ពាន់ដែលរំពឹងថានឹងមានសម្រាប់អ្នកគាំទ្រ។
នេះគឺជាកម្មវត្ថុនៃការធ្វើតេស្តលក្ខខណ្ឌគ្រាអាសន្នផ្ទៃក្នុង ជាមួយក្រុមប្រឹក្សាទីក្រុង Liverpool និងព្រឹត្តិការណ៍សាកល្បងសាធារណៈ ដែលត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅក្នុងអំឡុងពេលសប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែធ្នូ។
នៅមានការងារជាច្រើនទៀតដែលត្រូវបញ្ចប់ មុនពេលកន្លែងទស្សនាអាចដំណើរការបានពេញលេញ និងអាចស្វាគមន៍អ្នកគាំទ្រ ៦១០០០នាក់ទៅកាន់កីឡដ្ឋាន Anfield នៅថ្ងៃប្រកួត”។
ការងារនេះ គ្រោងនឹងបញ្ចប់មុនពេលចាប់ផ្ដើមរដូវកាល ២០២៣-២៤។
Liverpool ក៏នឹងត្រូវប្រកួតជាមួយ Manchester City នៅក្នុងសប្ដាហ៍ទី១៣ ក្របខណ្ឌ Premier League ដែលទស្សនិកជននៅក្នុងប្រទេសកម្ពុជាអាចទស្សនានៅលើកញ្ចក់ទូរទស្សន៍ CNC នាថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ចាប់ពីម៉ោង ៧:២៥ នាទីយប់តទៅ៕