ខ្សែការពារ Harry Maguire របស់ Manchester United បានទទួលយកការសុំទោសរបស់សមាជិកសភាសញ្ជាតិហ្គាណាមួយរូប ដែលបាននិយាយចំអកលើខ្លួន អំឡុងស្ថិតក្នុងកម្មវិធីកិច្ចពិភាក្សាសភាសស្តីពីថវិកាជាតិ កាលពីឆ្នាំ ២០២២ កន្លងទៅ។
លោក Isaac Adongo សមាជិកសភាប្រទេសហ្គាណា បានប្រៀបធៀបការគ្រប់គ្រងសេដ្ឋកិច្ចរបស់អនុប្រធានាធិបតី Mahamadu Bawumia របស់ប្រទេសហ្គាណា ដែលស្ថិតនៅទ្វីបអាហ្រ្វិក ទៅនឹងទម្រង់លេងមិនល្អរបស់ Maguire កាលពីឆ្នាំ ២០២២។
ប្រទេសហ្គាណា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ដែលបាននាំមកដោយការជំពាក់បំណុលសាធារណៈ បង្កអោយមានអតិផរណាយ៉ាងខ្ពស់និងធ្វើអោយរូបិយបណ្ណក្នុងស្រុកប្រទេសតំបន់អាហ្រ្វិកមួយនេះចុះខ្សោយថែមទៀត។
លោក Adongo បានប្រៀបធៀបការគ្រប់គ្រងថវិកាជាតិរបស់អនុប្រធានាធិបតី Bawumia ដែលគំរាមកំហែងដ៏ធំបំផុតផ្នែកសេដ្ឋកិច្ចជាតិដូចទៅនឹង ទម្រង់លេងដ៏អាក្រក់របស់ Maguire។
យ៉ាងណាក្តី មកដល់ពេលថ្មីៗនេះ សមាជិកសភាប្រទេសហ្គាណា បានចេញមុខសុំទោសចំពោះការនិយាយដែលចំអកទៅកាន់ខ្សែការពារក្រុមបិសាចក្រហម។
លោក Adongo បាននិយាយថា៖ “ខ្ញុំសុំទោសទៅកាន់ Harry Maguire ពេលនេះគេជាកីឡាករម្នាក់ដែលបានកែប្រែខ្លាំងគួរ ហើយគេក៏បានរកគ្រាប់បាល់ទៀតសម្រាប់ក្រុម Manchester United។”
សម្រាប Harry Maguire វិញ បានបង្ហោះសារពីការទទួលយកការសុំទោសរបស់សមាជិកសភាប្រទេសហ្គាណារូបនោះ ហើយរូបគេក៏បានបង្ហោះភ្ជាប់ជាមួយនឹងពាក្យជួបគ្នាឆាប់ៗជាមួយលោក Adongo នៅទឹកដី Old Trafford ផងដែរ៕