×

គ្រូ Man UTD ថា ខ្លួនជាអ្នករ៉ាប់រងការស្តីបន្ទោសក្រោយ របូតឱកាសឈ្នះការប្រកួត UEFA Champions League យប់មិញ

លោក Erik ten Hag បាននិយាយថា លោកគឺជាអ្នកដែលសមនឹងទទួលរងការស្តីបន្ទោស ក្រោយពីក្រុម Man UTD ត្រូវបានក្រុមតួទី Galatasaray វាយបកតាមស្មើវិញដោយលទ្ធផល ៣-៣ ក្នុងការប្រកួត UEFA Champions League ជុំទី៥ ពូល A កាលពីយប់មិញ។

ជាការពិត ការប្រកួតដែលធ្វើឡើង នាកីឡដ្ឋាន Rams Park ក្រុម Man UTD ដែលជាក្រុមភ្ញៀវ បាននាំមុខ២គ្រាប់មុនដោយគ្រាប់បាល់របស់ Alejandro Garnacho នៅនាទី ១១ និង Bruno Fernandes នៅនាទី១៨។ យ៉ាងណា នាទី២៩ Hakim Ziyech បានតាម១គ្រាប់អោយក្រុមម្ចាស់ផ្ទះ Galatasaray មុនចប់វគ្គទី១ ដោយការទាត់បាល់ Free Kick យ៉ាងល្អ បន្ទាប់ពីការភ្លាត់ស្នៀតរបស់អ្នកចាំទី Andre Onana។

នៅវគ្គទី២ នាទី៥៥ Scott McTominay បានទាត់ចូលគ្រាប់ទី៣ សម្រាប់ក្រុមរបស់លោក Erik ten Hag ប៉ុន្តែនាទី ៦២ ការភ្លាត់ស្នៀតរបស់អ្នកចាំទី Andre Onana ម្តងទៀតបានធ្វើអោយ Hakim Ziyech បានទាត់បាល់ Free Kick ដដែល រកបានគ្រាប់ទី២ សម្រាប់ Galatasaray មុនពេលកីឡាករ Kerem Aktürkoğlu រកបានគ្រាប់ទី៣តាមស្មើបានសម្រេច នៅនាទី ៧១ មុនចប់ការប្រកួត។

លទ្ធផលនេះបានធ្វើអោយក្តីសង្ឃឹមរបស់ក្រុមបិសាចក្រហម ក្នុងឈានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ស្ថិតក្នុងភាពអួរអាប់យ៉ាងខ្លាំង។

ទោះបីជារបូតឱកាសក្នុងការទទួលបានជ័យជំនះ ដោយសារមានកំហុសឆ្គងជាច្រើនដង ប៉ុន្តែ លោក Erik ten Hag បដិសេធក្នុងស្តីបន្ទោសទៅលើកីឡាករណាមួយរបស់ខ្លួន និងថា រាល់ទំនួសខុសត្រូវទាំងអស់គឺរូបលោកជាអ្នករ៉ាប់រង។

គ្រូបង្វឹកជនជាតិហូឡង់បានអោយដឹងដូច្នេះថា “រាល់ទំនួលខុសត្រូវទាំងអស់ គឺស្ថិតនៅលើរូបខ្ញុំ ខ្ញុំគឺជាអ្នករ៉ាប់រងរឿងទាំងអស់នេះ។ យើងកំពុងធ្វើការកែលម្អ ដូច្នេះវាជាក្តីសង្ឃឹមខ្លាំងណាស់រាល់គ្រប់ការប្រកួត។ ពួកយើងកំពុងដើរក្នុងទិសដៅត្រឹមត្រូវ ដូច្នេះខ្ញុំដឹងថាយើងនឹងជោគជ័យក្នុងរយៈពេលវែង ប៉ុន្តែប្រសិនបើអ្នកចង់បន្តនៅ Champions League អ្នកត្រូវឈ្នះការប្រកួតទាំងនេះ។”

ដោយឡែក ការប្រកួត១គូទៀតក្នុងពូលជាមួយគ្នា Bayern Munich ស្មើ ០-០ ទល់ Copenhagen។

ឆ្លងកាត់ការប្រកួត៥ដង ក្រុម Man UTD ស្ថិតនៅបាតតារាង មាន៤ពិន្ទុ ខណៈ Galatasaray នៅលេខ៣ និង Copenhagen នៅលេខ២ មាន៥ពិន្ទុដូចគ្នា ហើយ Bayern Munich មាន១៣ពិន្ទុនៅកំពូលតារាង។ ក្តីសង្ឃឹមរបស់ Man UTD ក្នុងការឈានទៅវគ្គបន្តគឺពឹងផ្អែកលើការផ្តួលក្រុម Bayern Munich នៅទឹកដី Old Trafford នាថ្ងៃទី១២ ខែធ្នូខាងមុខ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៤ នៃក្របខណ្ឌ Premier League របស់ CBS ៖
Arsenal Vs Wolves ថ្ងៃសៅរ៍ ទី២ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Brightonថ្ងៃអាទិត្យ ទី៣ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Man City Vs Spurs ថ្ងៃអាទិត្យ ទី៣ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង