×

កីឡាករ២រូបរបស់ Liverpool នឹងអវត្តមានពីការប្រកួតដោយសាររបួស

អ្នកចាំទី Alisson និងខ្សែប្រយុទ្ធ Diogo Jota របស់ Liverpool នឹងត្រូវអវត្តមានពីការប្រកួតលើទីលាន ដោយសារតែបញ្ហារបួស។ នេះបើតាមការបញ្ជាក់ពីគ្រូបង្វឹក លោក Jürgen Klopp។

កីឡាករទាំងពីររូបនេះ បានរងរបួសអំឡុងការប្រកួតដែលក្រុមហង្សក្រហម បានបញ្ចប់ដោយលទ្ធផលស្មើ ១-១ នៅក្នុងការប្រកួតក្របខណ្ឌ Premier League ាទឹកដីរបស់ Manchester City កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។

ការប្រកួតនោះគឺ Diogo Jota បានបង្ខំចិត្តចាកចេញពីទីលានប្រកួតអំឡុងនាទីទី៥៤ ខណៈដែល Alisson នៅតែបន្ដលេងរហូតដល់ចប់ការប្រកួត បើទោះបីជាមានបញ្ហាសរសៃរពួរអំឡុងប្រកួតក៏ដោយ។

នៅពេលដែលត្រូវបានសួរនាំអំពី ស្ថានភាពរបស់កីឡាករទាំង២រូប និងលទ្ធភាពដែលពួកគេអាចចូលរួមការប្រកួតដែល Liverpool ត្រូវប៉ះក្រុម LASK របស់អូទ្រីស ក្នុងពានរង្វាន់ UEFA Europa League ជុំទី ៥ ពូល E នោះ លោក Jürgen Klopp អះអាងថា ពួកគេទាំងពីរមិនមានភាពគ្រប់គ្រាន់សម្រាប់ការប្រកួតទេ។

និយាយមុនការប្រកួតចូលមកដល់ គ្រូបង្វឹក វ័យ៥៦ឆ្នាំ បានអោយដឹងដូច្នេះថា៖ “ទាំង Alisson និង Diogo Jota នឹងត្រូវស្ថិតនៅក្រៅទីលានហើយ។ ស្ថានភាពរបួស របស់ Alisson មិនធ្ងន់ធ្ងរពេកដូចក្ដីបារម្ភនោះទេ ប៉ុន្ដែគេត្រូវអវត្តមានប្រហែលជាពីរសប្ដាហ៍។ រីឯ Jota វិញ ខ្ញុំមិនទាន់ដឹងថា រូបគេនឹងខកខានចូលរួមការប្រកួតរហូតដល់ពេលណានៅឡើយទេ។”

ដោយឡែក ក្រោយឆ្លងកាត់ការប្រកួតចំនួន៤ប្រកួតកន្លងមក Liverpool មាន៩ពិន្ទុឈរកំពូលតារាងពូល E ខណៈក្រុមបារាំង Toulouse នៅលេខ២មាន៧ពិន្ទុ ក្រុមអាល្លឺម៉ង់ Union Saint-Gilloise នៅលេខ៣មាន៤ពិន្ទុ ហើយក្រុម LASK នៅបាតតារាង មាន៣ពិន្ទុ។

សម្រាប់ការប្រកួតរវាង Liverpool និង LASK នឹងត្រូវធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Anfield ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៤ នៃក្របខណ្ឌ Premier League របស់ CBS ៖
Arsenal Vs Wolves ថ្ងៃសៅរ៍ ទី២ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Brightonថ្ងៃអាទិត្យ ទី៣ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Man City Vs Spurs ថ្ងៃអាទិត្យ ទី៣ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង