×

Erling Haaland អាចរងការចោទប្រកាន់ពី FA ជុំវិញការរិះគន់អាជ្ញាកណ្ដាល

ខ្សែប្រយុទ្ធ Erling Haaland អាចត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់អង់គ្លេស (FA) សម្រាប់ការរិះគន់មន្ត្រីនៃការប្រកួត បន្ទាប់ពីបានប្រតិកម្មទៅនឹងការសម្រេចចិត្តចុងក្រោយដោយអាជ្ញាកណ្តាល Simon Hooper អំឡុងពេល Manchester City ស្មើ ៣-៣ ជាមួយ Tottenham Hotspur ដោយបានបង្ហោះនៅលើ X ដោយនិយាយថា “Wtf” ។

ការតែតបាល់បញ្ចូលទីនៅនាទីទី៩០ របស់ Dejan Kulusevski រកបានមួយពិន្ទុសម្រាប់ Spurs ប៉ុន្តែ Man City ត្រូវបានបដិសេធនូវឱកាសដ៏សំខាន់ក្នុងការប្រកួតនៅក្នុងរយៈពេល ៥ នាទីនៃម៉ោងបន្ថែម នៅពេលដែលលោក Hooper បានបញ្ឈប់ការលេងពេល Jack Grealish បានរត់ទៅយកបាល់ដែលបញ្ចូនដោយ Haaland ។

Haaland ត្រូវបានខ្សែការពារ Emerson Royal របស់ Spurs បង្កកំហុសនៅក្នុងរង្វង់ពាក់កណ្តាលទីលាន ប៉ុន្តែបានព្យាយាមបញ្ជូនបាល់ទៅ Grealish។ Hooper បានបង្ហាញសញ្ញាដំបូងថាបាល់ចំណេញ ប៉ុន្តែបន្ទាប់មកបានផ្លុំកញ្ចែនៅពេល Grealish អាចមានឱកាសដើម្បីស្វែងរកគ្រាប់បាល់។

ការសម្រេចចិត្តនេះ បានជំរុញឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បារពី Haaland ដែលសកម្មភាពនេះ ត្រូវបានផ្តល់កាតលឿងដោយលោក Hooper ប៉ុន្តែខ្សែប្រយុទ្ធន័រវែស មានហានិភ័យពីការដាក់ទណ្ឌកម្មរបស់សមាគមបាល់ទាត់អង់គ្លេស សម្រាប់ការបង្ហោះនៅលើ X ប្រសិនបើវាត្រូវបានចាត់ទុកថាជាអំពើបំពានច្បាប់ E3.1 ដែលចែងអំពីការអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ ការលើកឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយ។

គួររំឭកថា អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta ត្រូវបានសមាគមបាល់ទាត់អង់គ្លេស ចោទប្រកាន់ពីបទអត្ថាធិប្បាយរិះគន់មន្ត្រីការប្រកួត បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal ចាញ់ Newcastle ១-០ កាលពីខែមុន។

Man City បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ក្នុងតារាងនៃក្របខណ្ឌ Premier League នៅសប្ដាហ៍ទី១៤ ដោយមានគម្លាតពីក្រុមលេខ១ Arsenal ចំនួន ៣ពិន្ទុ និងក្រុមលេខ២ Liverpool ១ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង