×

គ្រូ Liverpool បញ្ជាក់ពីរបួស Joel Matip ក្រោយឈ្នះ Fulham

វិបត្តិកីឡាកររបួសរបស់ Liverpool កាន់តែស៊ីជម្រៅ ខណៈខ្សែការពារ Joel Matip អាចអវត្តមានរយៈពេលយូរ បន្ទាប់ពីក្រុមហង្សក្រហមបានយកឈ្នះ Fulham ។

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool បានបញ្ជាក់ពីរបួសរបស់ Matip បន្ទាប់ពីទទួលបានជ័យជម្នះ ៤-៣ លើក្រុម Fulham។ Matip មានរបួសជង្គង់ ហើយបន្ទាប់មកត្រូវបានប្ដូរចេញជំនួសដោយ Ibrahima Konate នៅនាទី៦៨។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានបញ្ជាក់ថា Matip នឹងមិនត្រឡប់មកកាន់ការប្រកួតវិញក្នុងពេលដ៏ខ្លីឡើយ។ លោកបានឱ្យដឹងថា៖ “យើងបានបាត់បង់ Joel ថ្ងៃនេះ។ យើងមិនទាន់មានរូបភាពនៅឡើយទេ មិនទាន់ស្កេននៅឡើយ ប៉ុន្តែតាមអ្វីដែលបានឮ និងអាចមើលឃើញ វានឹងមិនមានរយៈពេលខ្លីនោះទេ”។

ក្រុមហង្សក្រហមគ្មាន Alisson, Andy Robertson, Diogo Jota, Thiago Alcantara, និង Stefan Bajcetic រួចទៅហើយដោយសាររបួស។ Alisson អាចនឹងត្រលប់មកវិញនៅសប្តាហ៍ក្រោយ ដោយសាររបួសសាច់ដុំរបស់គាត់មិនធ្ងន់ធ្ងរពេកទេ។ ទោះបីជាយ៉ាងណា Jota ប្រឈមមុខនឹងការសម្រាកយូរជាងនេះ។ Robertson នឹងអវត្តមានរហូតដល់ឆ្នាំថ្មី បន្ទាប់ពីការវះកាត់ស្មា ហើយ Thiago ទំនងជាដូចគ្នា។

Liverpool ស្ថិតនៅចំណាត់ថ្នាក់លេខ២ មានគម្លាត ២ ពិន្ទុពីក្រុមកំពូលតារាង Arsenal ដែលក្រុមទាំងពីរនឹងជួបប្រកួតគ្នានៅ ក្របខណ្ឌ Premier League និង FA Cup ជុំទី៣ ក្នុងរយៈពេលពីរខែបន្ទាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង