លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បាននិយាយថា ការខកខានក្នុងការឈ្នះយូរបំផុតនៅក្នុងក្របខណ្ឌ Premier League ក្នុងរយៈពេល ៦ ឆ្នាំគឺមិនមែនជាហេតុផលសម្រាប់ការប្រកាសអាសន្ននោះទេ បន្ទាប់ពីក្រុមមេឃខៀវបានស្មើ ៣-៣ ជាមួយក្រុម Tottenham Hotspur ។
ក្រុមការពារតំណែងជើងឯកលីគនេះ ហាក់ដូចជាកំពុងឆ្ពោះទៅរកការឈ្នះ បន្ទាប់ពីគ្រាប់បាល់របស់ Jack Grealish នៅនាទីទី៨១ ប៉ុន្តែការតែតបាល់បញ្ចូលទីរបស់ Dejan Kulusevski នៅនាទីទី៩០ បានធ្វើឱ្យ Man City ទទួលបានលទ្ធផលស្មើជាលើកទី៣។
លទ្ធផលនេះ ធ្វើឱ្យក្រុម Man City ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងពិន្ទុ ដោយតាមពីក្រោយក្រុមលេខ១ Arsenal ៣ពិន្ទុ និងតាមពីក្រោយ Liverpool ១ពិន្ទុ ។
ក្រុមរបស់លោក Pep Guardiola បានរបូតគ្រាប់បាល់ចំនួន ៨ គ្រាប់ក្នុងការប្រកួត Premier League ៣ លើកចុងក្រោយរបស់ខ្លួន ហើយថែមទាំងបានបណ្តោយឱ្យមានគ្រាប់បាល់ ២ គ្រាប់សម្រាប់ក្រុម RB Leipzig ក្នុងការប្រកួតក្របខណ្ឌ Champions League នៅពាក់កណ្តាលសប្តាហ៍មុន។
លោក Guardiola បាននិយាយថា៖ “ទម្រង់របស់ក្រុមគឺស្រដៀងទៅនឹងអ្វីដែលយើងបានធ្វើនាពេលថ្មីៗនេះ។ ពិតណាស់ គេថា ពួកយើងព្រួយបារម្ភអំពីគ្រាប់បាល់ដែលក្រុមរបស់យើងបានរបូត ប៉ុន្តែពួកយើងមិនបានរបូតឱកាសដែលពួកយើងមានទេ។”
លោកបន្តថា៖ “វាមិនមែនជាលើកទីមួយទេដែលពួកយើងស្ថិតក្នុងស្ថានភាពនេះ យើងកំពុងលេងបានល្អ ប៉ុន្តែលទ្ធផលមិនដូចការចង់បានទេ”៕