×

Newcastle United ពិចារណានាំយក អ្នកចាំទី David de Gea មកចូលរួមក្រុម

សារព័ត៌មាន Dailymail នៅអង់គ្លេសបានរាយការណ៍ឱ្យដឹងថា ក្លិប Newcastle United កំពុងពិចារណានាំយក អ្នកចាំទី David de Gea មកចូលរួមជាមួយខ្លួន។

ជាការពិត អ្នកចាំទី David de Gea ដែលទំនេរមិនទាន់មានក្លិបលេង ក្រោយចាកចេញពី Manchester United អំឡុងទីផ្សាររដូវក្ដៅ ត្រូវបានផ្សារភ្ជាប់ទៅនឹងក្លិប Newcastle United ដែលត្រូវការអ្នកចាំទី មកជំនួស Nick Pope ដែលមានបញ្ហារបួសស្មារ។

អ្នកចាំទីអង់គ្លេស ដែលបានរួមចំណែកជួយក្រុមសារិកាព្រៃទទួលបានជ័យជម្នះលើ Manchester United នៅក្របខណ្ឌ Premier League កាលពីចុងសប្ដាហ៍កន្លងទៅ ត្រូវបានប្ដូរចេញនៅចុងវគ្គទី២ ដោយសារបញ្ហារបួស។

Nick Pope បានត្រូវបានពិនិត្យឃើញថា មានបញ្ហារបួសស្មារ ដែលតម្រូវឱ្យគេត្រូវអវត្តមានសកម្មភាពនៅលើទីលានរយៈពេល៤ទៅ៥ខែ។ បញ្ហានេះនាំឱ្យគ្រូបង្វឹក Newcastle លោក Eddie Howe ត្រូវគិតគូរនាំចូលកីឡាករ ដើម្បីមកជំនួសក្នុងទីផ្សារខែមករាខាងមុខ។

អតីតអ្នកចាំទីក្រុមបិសាចក្រហម De Gea ស្ថិតនៅក្នុងចំណោមកីឡាករដែលត្រូវបានភ្ជាប់ជាមួយពួកគេ ខណៈកីឡាករអេស្ប៉ាញរូបនេះ នៅទំនេរមិនទាន់មានក្លិបលេងនៅឡើយ ក្រោយចាកចេញពីទឹកដី Old Trafford។

ទោះយ៉ាងណាក្ដី Newcastle មានជម្រើស៣សម្រាប់តំណែងអ្នកចាំទីនៅក្នុងក្រុមដែលមានស្រាប់ ដែលមានដូចជាអតីតកីឡាករ Liverpool Loris Karius, Mark Gillespie ឬ Martin Dubravka ប្រសិនបើមិនផ្ទេរចូលអ្នកចាំទីថ្មីទេនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង