×

FA ចោទប្រកាន់ Man City មិនបានគ្រប់គ្រងកីឡាកររបស់ខ្លួនក្នុងការប្រកួតស្មើ Spurs

Manchester City ត្រូវបានសមាគមបាល់ទាត់អង់គ្លេស (FA) ចោទប្រកាន់ពីបទបរាជ័យក្នុងការគ្រប់គ្រងកីឡាកររបស់ខ្លួន ក្នុងការប្រកួតក្របខណ្ឌ Premier League ដែលបញ្ចប់ទៅដោយលទ្ធផល ៣-៣ ជាមួយ Tottenham Hotspur ។

កីឡាកររបស់ City បាននាំគ្នាចោមរោមអាជ្ញាកណ្តាលលោក Simon Hooper នៅពេលដែលគាត់បានផ្តល់បាល់ហ្វ្រីឃីកដល់ Man City នៅចុងម៉ោង បន្ទាប់ពី Jack Grealish មានឱកាសដ៏សំខាន់ក្នុងការស្វែងរកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមមេឃខៀវ។ ដំបូងឡើយ លោក Hooper បានបង្ហាញកាយវិការថា បាល់ចំណេញ ប៉ុន្តែស្រាប់តែផ្ដល់បាល់ពិន័យវិញ បន្ទាប់ពីបាល់ទៅដល់ Grealish ។

Man City មានរយៈពេលរហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើនេះ។ សេចក្តីថ្លែងការណ៍របស់ FA បាននិយាយថា ក្រុមការពារតំណែងជើងឯក Premier League បានបរាជ័យក្នុងការគ្រប់គ្រងកីឡាកររបស់ពួកគេមិនឱ្យប្រព្រឹត្តមិនសមរម្យ។

ខ្សែប្រយុទ្ធ Erling Haaland គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Man City ជាច្រើនរូប ដែលបានចោមរោមមន្ត្រីកាត់សេចក្ដីលើទីលាន ហើយបានបង្ហោះវីដេអូឃ្លីបនៃឧប្បត្តិហេតុនៅលើ X ដោយសរសេរថា “Wtf” ដែលជាពាក្យប្រមាថ។ ទោះជាយ៉ាងណាក៏ដោយ FA នឹងមិនធ្វើការចោទប្រកាន់បន្ថែមទៀតទាក់ទងនឹងការប្រកួតនោះទេ ដូច្នេះ Haaland មិនប្រឈមមុខនឹងការពិន័យឡើយ។

វាគឺជាការប្រកួត Premier League លើកទី៣ជាប់ៗគ្នាដែល Man City បានស្មើ ហើយពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុង Premier League ជាមួយនឹងគម្លាត ៣ ពិន្ទុពីក្រុមនាំមុខលើកំពូលតារាង ពោលគឺ Arsenal ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង