ស្ថិតិបានបង្ហាញថា ការទទួលជ័យជម្នះរបស់ Manchester United ក្រោមការដឹកនាំរបស់លោក Erik Ten Hag បច្ចុប្បន្នគឺខ្ពស់ជាងអ្នកចាត់ការទូទៅរបស់ United មុនៗ ដោយមិនរាប់បញ្ចូលអ្នកចាត់ការបណ្តោះអាសន្ននោះទេ។
លោក Ten Hag បានដឹកនាំ United ទទួលជ័យជម្នះក្នុង ៥១ ប្រកួតក្នុងចំណោម ៨៣ ប្រកួតដំបូងរបស់គាត់ ដែលគិតជាភាគរយឈ្នះគឺ 61.45% ។
វីរបុរសក្លិបលោក Sir Alex Ferguson បានបញ្ចប់ការដឹកនាំរយៈពេល ២៦ ឆ្នាំរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ United ជាមួយនឹងអត្រាឈ្នះ 59.67% ដោយបានកត់ត្រាជ័យជម្នះចំនួន ៨៩៥ ក្នុង ១៥០០ ប្រកួត។
លោក Jose Mourinho ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីដោយមានអត្រាឈ្នះ 58.33% នៃការប្រកួត ១៤៤ របស់គាត់ ខណៈលោក Ole Gunnar Solskjaer មាន 54.17% នៃ ១៦៨ ប្រកួតរបស់គាត់។
ក្រុមរបស់លោក Erik ten Hag បានទទួលបរាជ័យ ១០ប្រកួតមកហើយនៅក្នុងរដូវកាលនេះ នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ពួកគេបានរងបរាជ័យចុងក្រោយ ក្រោមស្នាដៃរបស់ Newcastle United ដោយលទ្ធផល ១-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី១៤៕