×

Man Utd ហាមឃាត់អ្នកសារព័ត៌មាន៤ស្ថាប័នក្រោយការចុះផ្សាយបញ្ហារវាងកីឡាករនិងគ្រូបង្វឹក

ក្លិប Manchester United បានហាមឃាត់អ្នកសារព័ត៌មានពីស្ថាប័នចំនួន៤ មិនឱ្យចូលរួមក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ជាមួយគ្រូបង្វឹក Erik ten Hag ។

Man United បានអះអាងថា ពួកគេមិនត្រូវបានផ្តល់សិទ្ធិក្នុងការឆ្លើយតបទៅនឹងរឿងអវិជ្ជមានជុំវិញក្លិបឡើយ។ អ្នករាយការណ៍មកពី Sky, ESPN, Manchester Evening News និង Mirror ត្រូវបានដកចេញ បន្ទាប់ពីរាយការណ៍ថា កីឡាករមួយចំនួនមិនសប្បាយចិត្តនឹងគ្រូបង្វឹកសញ្ជាតិហូឡង់ លោក Erik ten Hag ។

ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យើងកំពុងចាត់វិធានការប្រឆាំងនឹងស្ថាប័នព័ត៌មានមួយចំនួន។
មិនមែនដោយសារការផ្សាយរឿងដែលយើងមិនចូលចិត្តនោះទេ ប៉ុន្តែដោយសារមិនទាក់ទងមកយើងជាមុន ដើម្បីផ្តល់ឱកាសឱ្យយើងបញ្ចេញមតិ ជំនាស់ ឬបង្ហាញរឿងរ៉ាវដែលបានកើតឡើង។
យើងជឿថានេះគឺជាគោលការណ៍សំខាន់មួយដើម្បីការពារ ហើយយើងសង្ឃឹមថាវាអាចនាំទៅរកការរៀបចំឡើងវិញនៅក្នុងវិធីដែលពួកយើងធ្វើការជាមួយគ្នា”។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Ten Hag បាននិយាយថា៖ “ពួកគេគួរតែមករកពួកយើងជាមុន ហើយមិនគួរបោះពុម្ពអត្ថបទនៅពីក្រោយខ្នងពួកយើងទេ ដែលវាមិនមែនជារឿងត្រឹមត្រូវទេ។

“ប្រសិនបើកីឡាករមានមតិផ្ទុយ ប្រាកដណាស់ខ្ញុំនឹងស្តាប់ ប៉ុន្តែពួកគេមិនបានប្រាប់ខ្ញុំទេ ឬប្រហែលជាកីឡាករម្នាក់ឬពីរនាក់ ប៉ុន្តែពួកគេភាគច្រើនចង់លេងបែបនេះ គឺ សកម្ម ស្វាហាប់ ក្លាហាន”។

United ដែលជាក្រុមឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងតារាងក្របខណ្ឌ Premier League នឹងប៉ះ Chelsea នៅយប់នេះ ខណៈការប្រកួតនៅកីឡដ្ឋាន Old Trafford នេះផងដែរ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ៣:១០ នាទីរំលងអធ្រាត្រតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង