សែប្រយុទ្ធ Erling Haaland បានគេចផុតពីការពិន័យពីសមាគមបាល់ទាត់អង់គ្លេស FA ចំពោះប្រតិកម្មទៅលើការកាត់ក្តីមិនសមរម្យរបស់ អាជ្ញាកណ្តាល លោក Simon Hooper នៅលើបណ្តាញសង្គម អំឡុងការប្រកួតរវាង Man City ស្មើ ៣-៣ Tottenham Hotspur កាលពីសប្តាហ៍មុន ប៉ុន្តែ Man City នៅតែរងពិន័យដដែលចំពោះការបរាជ័យគ្រប់គ្រងអាកប្បកិរិយាកីឡាករខ្លួន។
Haaland បានឆ្លើយតបទៅលើវីដេអូឃ្លីប ដោយបានសរសេរពាក្យមិនសមរម្យ ដោយវីដេអូនោះ បង្ហាញអំពីរូបគេបានស្រែកប្រកែកគ្នាជាមួយនឹងលោក Simon Hooper ចំពោះការសម្រេចចិត្តផ្លុំកញ្ចែរពិន័យទៅលើការប៉ះគ្នារបស់រូបគេជាមួយនឹងកីឡាករក្រុម Spurs ស្របពេលដែលមិត្តរួមក្រុម Jack Grealish កំពុងមានឱកាសអូសបាល់សំដៅរកការស៊ុតបញ្ចូលទីរកគ្រាប់បាល់។
យ៉ាងណា បញ្ហានេះ FA បានអះអាងថា កីឡាករវ័យ ២៣ឆ្នាំ មិនបានល្មើសច្បាប់អ្វីឡើយចំពោះការបង្ហោះបញ្ចេញមតិនៅលើបណ្តាញសង្គម។
ទោះជាកីឡាករបានរួចខ្លួនពីការចោទប្រកាន់ និងការដាក់ពិន័យ តែយ៉ាងណាទង្វើរបស់កីឡាករក្រុម Man City បានធ្វើឱ្យ FA សម្រេចចិត្តបែរទៅដាក់ពិន័យចំពោះក្លិប Man City ទៅវិញ ដោយចាត់ទុកថាក្លិបបានបរាជ័យក្នុងការគ្រប់គ្រងអាកប្បកិរិយារបស់កីឡាករខ្លួនក្នុងការប្រកួត។
ជាក់ស្តែង Haaland ដែលរួមជាមួយនឹងកីឡាករខ្សែការពារ Ruben Diaz និង Mateo Kovacic បានចោមរោមទៅលើលោក Hooper សម្រាប់តវ៉ាការសម្រេចចិត្តពិន័យ។
សេចក្តីថ្លែងការណ៍របស់ FA ឱ្យដឹងថា៖ “Manchester City ត្រូវបានពិន័យចំពោះការល្មើសច្បាប់របស់ FA បន្ទាប់កីឡាករបានចោមរោមលើមន្ត្រីអាជ្ញាកណ្តាលការប្រកួតអំឡុងការប្រកួតក្នុងក្របខណ្ឌ Premier League ទល់នឹងក្រុម Tottenham Hotspur កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៣។ Man City នៅសល់ពេលវេលាត្រឹមថ្ងៃទី៧ ខែធ្នូ សម្រាប់ការឆ្លើយតបទៅលើបញ្ហាទាំងអស់។”
បើតាមប្រភពពី FA បានបញ្ជាក់ថាក្រុមកីឡាករ និងក្រុមគ្រូបង្វឹក បុគ្គលិករបស់ក្លិបមិនត្រូវបានរងការពិន័យឡើយ៕