លោក Unai Emery សារភាពថា Aston Villa មិនមែនជាក្រុមប្រជែងពាន Premier League រដូវកាលនេះ បើទោះក្រុមខ្លួនទើបឈ្នះក្រុមការពារតំណែងជើងឯក Man City ១-០ ក៏ដោយ។
ជ័យជម្នះនេះ បានជួយ Aston តាមស្មើកំណត់ត្រារបស់ Man City ដែលឈ្នះប្រកួតក្នុងដី១៤លើកជាប់ៗគ្នា និងថែមទាំងដណ្តើមបានចំណាត់ថ្នាក់លេខ៣ ពីក្រុមខ្លាំងនេះថែមទៀត។
យ៉ាងណាក៏ដោយ លោក Emery លើកឡើងថា វាជាពេលវេលាលឿនពេកសម្រាប់ Aston Villa ក្នុងការក្លាយជាគូប្រជែងដណ្តើមពានលីគកំពូលរបស់អង់គ្លេស។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ សារភាពថាកូនក្រុមខ្លួននៅមានការងារជាច្រើន និងវែងឆ្ងាយទៀត ដើម្បីតាមទាន់ក្រុមខ្លាំងដូចជា Man City, Arsenal និង Liverpool ជាដើម។
លោក Emery បានឱ្យដឹងដូច្នេះថា៖ “យើងមិនមែនជាគូប្រជែងទេ។ នៅលីគកំពូលអង់គ្លេសមានក្រុម ៧ ដែលមានសមត្ថភាពជាង Aston ដើម្បីប្រជែងពាន។ យើងទើបឆ្លងកាត់១៥ប្រកួតប៉ុណ្ណោះ។ ប៉ុន្តែយើងរីករាយក្នុងការទទួលបានចំណាត់ថ្នាក់លេខ ៣។”
ឆ្លងកាត់១៥ប្រកួត Aston Villa ឈ្នះ១០ ចាញ់២ និងស្មើ៣ ទទួលបាន៣២ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ជាបណ្តោះអាសន្ន ដោយរុញម្ចាស់ការពារជើងឯក Man City ទៅលេខ៤វិញ ដោយមាន៣០ពិន្ទុ៕