ក្លិប Everton បាននិយាយកាលពីពេលថ្មីៗនេះថា ក្លិបបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ចេញ ១០ ពិន្ទុរបស់ពួកគេដោយក្របខណ្ឌ Premier League ។
ក្លិបនាតំបន់ Merseyside ត្រូវបានកាត់១០ពិន្ទុ កាលពីខែមុន បន្ទាប់ពីត្រូវបានរកឃើញថាបានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាព PSR។
Everton បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ក្លិបបាល់ទាត់ Everton បានដាក់សំណើជាមួយប្រធានក្រុមប្រឹក្សាអាជ្ញាកណ្តាលនៃក្របខណ្ឌ Premier League ចំពោះការសម្រេចចិត្តដោយគណៈកម្មាធិការ ក្នុងការកាត់ចេញ ១០ ពិន្ទុរបស់ក្លិប។”
កាលពីដើមខែនេះ ក្របខណ្ឌ Premier League បាននិយាយថា Everton បានសារភាពថា ពួកគេបានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាព PSR ក្នុងអំឡុងពេលសវនាការដំណើរការ។
ដូច្នេះហើយ ការកាត់១០ពិន្ទុ ត្រូវបានសម្រេចដាក់ទៅលើក្លិប Everton ដោយនេះគឺជាទណ្ឌកម្មដ៏អាក្រក់បំផុតដែលបានដាក់ទៅលើក្លិបបាល់ទាត់ ចាប់តាំងពីការបង្កើត Premier League មក។
Everton បច្ចុប្បន្ន បានធ្លាក់ទៅចំណាត់ថ្នាក់ទី ១៧ មាន១៣ពិន្ទុ ពីលើតំបន់កាត់ចោល៤ពិន្ទុ។
យ៉ាងណា សម្រាប់ទណ្ឌកម្មនេះ អ្នកគាំទ្ររបស់ Everton បានធ្វើការតវ៉ា ដោយមានទាំងការលើកបដាថា “មិនសមាមាត្រ និងអយុត្តិធម៌ទាំងស្រុង” ហើយអ្នកគាំទ្រមួយចំនួនផ្សេងទៀត បានចោទប្រកាន់ថា Premier League មានភាពពុករលួយថែមទៀត៕