×

គ្រូ Arsenal ថាដោយសារតែបញ្ហាអាកាសធាតុទើបរបូតឱកាសឈ្នះ Aston Villa

គ្រូបង្វឹក Arsenal លោក Mikel Arteta បានចេញមុខប្រាប់ពីហេតុផល ដោយសំអាងថាព្រោះតែបញ្ហាអាកាសធាតុ ទើបធ្វើឱ្យក្រុមកាំភ្លើងធំរបស់លោក មិនអាចវាយបករកគ្រាប់បាល់វិញបាន បន្ទាប់ពីចាញ់ Aston Villa ដោយលទ្ធផល ១–០ កាលពីចុងសប្តាហ៍កន្លងទៅ។

នេះជាការចាញ់ជាលើកទីពីរហើយសម្រាប់ Arsenal នៅក្នុងរដូវកាលនេះ នៅឯកីឡដ្ឋាន Villa Park បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី ៧ របស់កីឡាករ John McGinn ដែលជួយឱ្យក្រុមរបស់គ្រូបង្វឹកលោក Unai Emery រកបានបីពិន្ទុពេញ។

យ៉ាងណាមិញ នៅពេលដែលត្រូវបានសួរថា តើមានអ្វីត្រូវការកែលម្អក្រុមបន្ថែមទៀតឬយ៉ាងណាក្រោយការបរាជ័យនោះ លោក Arteta បានឆ្លើយវិញថា ក្រុមរបស់លោកលេងបានល្អទេ ប៉ុន្តែដោយសារបញ្ហា អាកាសធាតុខ្យល់ខ្លាំងពេក ទើបធ្វើឱ្យក្រុមរបស់លោករបូតឱកាសឈ្នះការប្រកួត។

គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានឱ្យដឹងដូច្នេះថា៖ “ខ្ញុំគិតថាថ្ងៃនេះមានខ្យល់ខ្លាំងបន្តិច អ្នកប្រហែលជាបានឃើញហើយថាបាល់រត់ខុសកន្លែងច្រើន ហើយការប៉ះបាល់មិនត្រូវតាមគោលដៅឡើយ។ ខ្ញុំមិនដឹងអ្វីច្បាស់ទៀតទេ។ ប៉ុន្តែប្រាកដណាស់ខ្ញុំមានទំនួលខុសត្រូវចំពោះការបរាជ័យនេះ ហើយចាំបាច់ត្រូវពង្រឹងក្រុមបន្ថែមទៀត។ ត្រូវហើយ ខ្ញុំត្រូវទទួលស្គាល់ចំពោះការចាញ់នេះ។”

ឆ្លងកាត់១៦ប្រកួតកន្លងមកនៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ក្រុម Arsenal មាន៣៦ពិន្ទុ ឈរលេខ២ ពីក្រោមក្រុមកំពូលតារាង Liverpool តែ១ពិន្ទុ និងពីលើក្រុមលេខ៣ Aston Villa តែ១ពិន្ទុ ប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង