×

លោក Ten Hag ថា ក្រុម Man UTD មិនមានភាពល្អគ្រប់គ្រាន់ក្នុងការប្រជែងពានរង្វាន់

គ្រូបង្វឹក លោក Erik ten Hag បាននិយាយថា លោកមានភាពនឿយហត់ អស់សង្ឃឹម និងថាក្រុម Manchester United មិនមានភាពល្អគ្រប់គ្រាន់ក្នុងការប្រជែងពានរង្វាន់នោះទេ។

ជាការពិត Man UTD ទើបតែបានចាញ់ក្រុម Bournemouth ដោយលទ្ធផល ៣-០ នៅក្នុង ជំនួបសប្តាហ៍ទី១៦ ក្របខណ្ឌ Premier League នៅឯកីឡដ្ឋាន Old Trafford ។ Man UTD បានចាញ់ ១១ ប្រកួត និង ឈ្នះ ១១ប្រកួត នៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។

ក្រុមបិសាចក្រហម បន្តឈរនៅចំណាត់ថា្នក់លេខ៦ មាន២៧ពិន្ទុ គម្លាត ដល់ទៅ១០ពិន្ទុពីក្រុមកំពូលតារាង Liverpool ខណៈ Bournemouth ឈរនៅលេខ១៤ មាន១៩ពិន្ទុ។

ឆាប់ៗនេះ Man UTD ក្រោមការដឹកនាំរបស់លោក Erik ten Hag នឹងបើកទ្វារកីឡដ្ឋាន Old Trafford ទទួលក្រុម Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel នៅក្នុងការប្រកួតចុងក្រោយ វគ្គជម្រុះក្នុងពូល A ក្របខណ្ឌ UEFA Champions League ។

យ៉ាងណា តាមរយៈលទ្ធផលប្រកួតមិនល្អ កាលពីចុងសប្តាហ៍កន្លងទៅធ្វើឱ្យគ្រូបង្វឹក លោក Erik ten Hag លើកឡើងថា Man UTD មិនមានភាពល្អគ្រប់គ្រាន់ នៅក្នុងការប្រកួតប្រជែង។

គូ្របង្វឹកជនជាតិហូឡង់បានលើកឡើងបែបនេះថា៖ “ជាក្រុមមួយ យើងមិនមានភាពល្អគ្រប់គ្រាន់នោះទេ។ ខ្ញុំពិតជា នឿយហត់ អស់សង្ឃឹម។ ពិតណាស់ ខ្ញុំរំពឹងថាពួកយើងនឹងធ្វើអ្វីមួយដែលមានភាពខុសប្លែក ប៉ុន្តែជំហានដែលពួកយើងចាប់ផ្តើមវាមិនល្អទេ។ វាទន់ខ្សោយខ្លាំងណាស់។”

ក្រុម Man UTD មានភាគរយតិចតួចបំផុត ដើម្បីបន្តទៅវគ្គ១៦ក្រុមចុងក្រោយ និងសូម្បីឱកាសលេងក្របខណ្ឌ UEFA Europa League ដោយបច្ចុប្បន្នពួកគេឈរនៅបាតតារាងមាន៤ពិន្ទុ Bayern Munich ដែលកក់កៅអីវគ្គ១៦ក្រុមចុងក្រោយស្វ័យប្រវត្តិមាន១៣ពិន្ទុនៅកំពូលតារាង ខណៈ Copenhagen និង Galatasaray មាន៥ពិន្ទុដូចគ្នា ដូច្នេះមានន័យថា ប្រកួតទល់នឹង Bayern Munich នោះ Man UTD ត្រូវការឈ្នះជាចាំបាច់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង