អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បាននិយាយថា លោកសង្ឃឹមថាខ្សែប្រយុទ្ធ Erling Haaland នឹងបានជាសះស្បើយទាន់ពេលវេលា សម្រាប់ការបង្ហាញខ្លួននៅក្នុងការប្រកួត Club World Cup នៅថ្ងៃទី១៩ ខែធ្នូ។
ខ្សែប្រយុទ្ធន័រវែស បានខកខានក្នុងការបង្ហាញខ្លួនជាជម្រើស១១នាក់ក្នុងការទទួលជ័យជម្នះ ២-១ កាលពីថ្ងៃអាទិត្យលើក្រុម Luton Town ដោយសារតែរបួសជើង។ រូបគេមិនធ្លាប់អវត្តមាននោះទេ ក្នុង ១៥សប្ដាហ៍កន្លងមក សម្រាប់ក្រុមមេឃខៀវ ហើយក៏ជាអ្នករកគ្រាប់បាល់ច្រើនជាងគេផងដែរគិតមកទល់ពេលនេះ ដោយរកបាន ១៤គ្រាប់។
លោក Guardiola បានបញ្ជាក់ថា សម្រាប់ការវិលត្រឡប់ចូលទីលានប្រកួតវិញរបស់ Haaland មិនទាន់អាចបញ្ជាក់បាននោះទេ ប៉ុន្តែក្លិបសង្ឃឹមថា រូបគេនឹងអាចចូលលេងវិញពេលប្រកួត Club World Cup ។
Man City ប្រកួតដំបូងជាមួយ Club Leon របស់ម៉ិកស៊ិក ឬ Urawa Red Diamonds របស់ជប៉ុន នៅក្នុងពានរង្វាន់ Club World Cup ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី១៩ ខែធ្នូ។ ក្នុងនាមជាម្ចាស់ជើងឯកអឺរ៉ុប Man City មានកៅអីពាក់កណ្ដាលវគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។
ថ្លែងមុនពេលការប្រកួតជាមួយ Luton លោក Guardiola បាននិយាយថា Haaland បានបញ្ហារបួសត្រង់ប្រអប់ជើង។
លោក Guardiola បាននិយាយថា៖ “Erling មានសារសំខាន់ខ្លាំងណាស់ចាប់តាំងពីគាត់បានមកដល់។ ប៉ុន្តែក្នុងរដូវកាលនេះ យើងឃើញរឿងបែបនេះ។ របួស ការព្យួរ បញ្ហាផ្សេងៗ យើងត្រូវតែសម្របខ្លួន”។
Man City ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយរួចជាស្រេច នឹងធ្វើដំណើរទៅជួបក្រុម Red Star Belgrade ក្នុងក្របខណ្ឌ Champions League មុននឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Crystal Palace ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី១៧ នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ដែល CBS ធ្វើការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MyTV សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា ចាប់ពីម៉ោង ៩:៥៥ នាទីយប់តទៅ៕