ក្លិប Bayern Munich បានធ្វើការបញ្ជាក់ថា ខ្សែប្រយុទ្ធ Serge Gnabry នឹងត្រូវអវត្តមានពីការប្រកួត ទល់នឹងក្រុម Manchester United ក្នុងជំនួបជុំទី ៦ ក្នុងពូល A នៃពានរង្វាន់ UEFA Champions League ។
ជាការពិត Bayern Munich បានធានាកៅអីរបស់ពួកគេទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយរួចទៅហើយ ស្របពេលក្រុម Man United មានការងារសំខាន់ដែលត្រូវធ្វើ គឺចាំបាច់ត្រូវតែឈ្នះជាដាច់ខាត ប្រសិនបើចង់ឡើងទៅកាន់វគ្គបន្តបាននោះ។
យ៉ាងណាមិញ យោងតាមដំណឹងចុងក្រោយមួយ បានបង្ហាញថា កីឡាករសំខាន់របស់ Bayern Munich គឺ Serge Gnabry ត្រូវបានដកចេញពីការប្រកួត ដែលនឹងត្រូវធ្វើឡើងនៅទឹកដី Old Trafford បន្ទាប់ពីបានរងរបួសនៅក្នុងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមដែលដឹកនាំដោយលោក Thomas Tuchel ក្រោមថ្វីជើងរបស់ Eintracht Frankfurt ក្នុងជំនួបក្របខណ្ឌ Bundesliga កាលពីចុងសប្តាហ៍កន្លងទៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយក្លិប Bayern Munich បាននិយាយថា៖ “Serge Gnabry បានរងរបួសក្រលៀនក្នុងការបរាជ័យដោយលទ្ធផល ៥–១ ទល់នឹង Eintracht Frankfurt ។ ដូច្នេះរូបគេនឹងខកខានការប្រកួតបន្ទាប់របស់ Bayern Munich ទល់នឹង Man United ក្នុងពានរង្វាន់ UEFA Champions League។”
សូមបញ្ជាក់ថា នៅយប់នេះ ក្រុម Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel នឹងទៅជួបក្រុម Man United ក្រោមការដឹកនាំរបស់លោក Erik ten Hag នាកីឡដ្ឋាន Old Trafford នៅក្នុងការប្រកួតចុងក្រោយ វគ្គជម្រុះក្នុងពូល A ក្របខណ្ឌ UEFA Champions League ។ ក្រុម Man United មានភាគរយតិចតួចបំផុត ដើម្បីបន្តទៅវគ្គ១៦ក្រុមចុងក្រោយ និងសូម្បីឱកាសលេងក្របខណ្ឌ UEFA Europa League ដោយបច្ចុប្បន្នឈរនៅបាតតារាងមាន៤ពិន្ទុ Bayern ដែលកក់កៅអីវគ្គ១៦ក្រុមចុងក្រោយស្វ័យប្រវត្តិមាន១៣ពិន្ទុនៅកំពូលតារាង រីឯ Copenhagen និង Galatasaray មាន៥ពិន្ទុដូចគ្នា ដូច្នេះមានន័យថា Man United ត្រូវឈ្នះជាចាំបាច់ ហើយការប្រកួតរវាង Copenhagen និង Galatasaray មានលទ្ធផលស្មើគ្នា៕