×

Erling Haaland ត្រឡប់មកហ្វឹកហាត់ជាមួយ Man City មុនការប្រកួត Club World Cup

ការព្រួយបារម្ភរបស់ Manchester City ចំពោះខ្សែប្រយុទ្ធ Erling Haaland ដែលអាចខកខានក្នុងការប្រកួត Club World Cup នៅចុងខែនេះ បានធូរស្រាលបន្តិច បន្ទាប់ពីលោក Pep Guardiola បានបញ្ជាក់ថា ខ្សែប្រយុទ្ធន័រវេសនឹងត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

Haaland បាងរបួសជើងអំឡុងពេលប្រកួតចាញ់ Aston Villa ១-០ កាលពីសប្តាហ៍មុន ដែលធ្វើឱ្យអវត្តមានក្នុងការទទួលជ័យជម្នះ ២-១ លើ Luton Town កាលពីថ្ងៃអាទិត្យ។ ខ្សែប្រយុទ្ធរូបនេះ មិនបានធ្វើដំណើរជាមួយក្រុម Man City សម្រាប់ការប្រកួតក្របខណ្ឌ UEFA Champions League នៅកីឡដ្ឋាន Red Star Belgrade ទេ។ ក្រុមមេឃខៀវ ដែលជាក្រុមការពារតំណែងជើងឯក Champions League បានធានាកៅអីទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយរួចទៅហើយ។

Man City នឹងធ្វើជាម្ចាស់ផ្ទះទទួល Crystal Palace ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី១៧ មុននឹងចេញដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដើម្បីលេងក្នុងពានរង្វាន់ Club World Cup ជាលើកដំបូងរបស់ខ្លួន។

លោក Guardiola បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅទីក្រុង Belgrade ថា Haaland ដែលរកបាន ១៩ គ្រាប់ក្នុងការបង្ហាញខ្លួន ២០ លើកនៅ Premier League និង Champions League នៅរដូវកាលនេះ “នឹងត្រលប់មកវិញ (ក្នុងការហ្វឹកហាត់) ខ្ញុំគិតថាថ្ងៃព្រហស្បតិ៍។
ខ្ញុំមិនដឹងទេ (ប្រសិនបើគាត់នឹងលេងជាមួយ Palace)។ ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ ខ្ញុំនឹងប្រាប់បន្ថែមទៀត”។

Man City នឹងត្រូវជួបជាមួយក្រុម Club Leon របស់ម៉ិកស៊ិក ឬ Urawa Red Diamonds របស់ជប៉ុន ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup នៅថ្ងៃទី១៩ ខែធ្នូ ជាមួយនឹងការប្រកួតចុងក្រោយធ្វើឡើងនៅទីក្រុង Jeddah នៅថ្ងៃទី២២ ខែធ្នូ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៧ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Crystal Palace ថ្ងៃសៅរ៍ ទី១៦ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Arsenal Vs Brightonថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Liverpool Vs Man Utd ថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង