×

Man UTD អស់ឱកាសលេងពានរង្វាន់កំពូលអឺរ៉ុបក្រោយចាញ់ Bayern Munich

ឱកាសតិចតួចក្នុងការឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League របស់ Man UTD បានបញ្ចប់ហើយ បន្ទាប់ពីចាញ់ក្រុម Bayern Munich ១-០ កាលពីយប់មិញ។

Man UTD ចាំបាច់ត្រូវឈ្នះ Bayern Munich ក្នុងជំនួបចុងក្រោយក្នុងពូល A ព្រមទាំងសង្ឃឹមថា ការប្រកួតរបស់ក្រុម Copenhagen ទល់នឹងក្រុមភ្ញៀវ Galatasaray អាចបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ទើបពួកគេមានសង្ឃឹមបន្តលេងនៅពានរង្វាន់កំពូលអឺរ៉ុប ប៉ុន្តែ ក្តីរំពឹងទាំងនោះមិនបានកើតឡើងទេ។

សម្រាប់ការប្រកួតនាកីឡដ្ឋាន Old Trafford ក្រុមម្ចាស់ផ្ទះបិសាចក្រហម ព្យាយាមយ៉ាងខ្លាំង ក្នុងការដាក់សម្ពាធ និង ស្វែងរកគ្រាប់បាល់ តែមិនបានផ្លែផ្កាទេ។ ផ្ទុយមកវិញ Man UTD បែរជាត្រូវរបូតគ្រាប់បាល់ ទៅអោយBayern Munich ដែលជាការស៊ុតរបស់ Kingsley Coman នៅនាទី ៧០ ដែលជាគ្រាប់បាល់ជ័យជំនះតែមួយគត់និងរក្សាភាពមិនចាញ់ ក្នុងពូល A របស់ Bayern Munich។

Man UTD មានត្រឹម ៤ ពិន្ទុប៉ុណ្ណោះ ជាមួយនឹងការបញ្ចប់ចំណាត់ថ្នាក់លេខ ៤ ក្នុងពូល មានន័យថា ក្រុមបិសាចក្រហមមិនមានសូម្បីតែកៅអីវគ្គ Playoff ពានរង្វាន់ UEFA Europa League។

លទ្ធផលនេះដែរ បានដាក់បន្ទុកកាន់តែខ្លាំងទៅលើគ្រូបង្វឹកលោក Erik ten Hag ដែលធ្វើអោយលោកប្រឈមមុខ របូតតំណែងនៅក្នុងក្រុម Man UTD។

ដោយឡែក គ្រូបង្វឹកជនជាតិហូឡង់ ក៏បានបង្ហាញពីភាពអស់សង្ឃឹម ដែលក្រុមខ្លួនរបូតកៅអីលេងពានរង្វាន់អឺរ៉ុបទាំងអស់។

លោក ten Hag បានថ្លែងក្រោយពីចប់ការប្រកួតថា៖ “យើងមានឱកាសនៅក្នុងការប្រកួតហើយ ខ្ញុំគិតថាយើងរកបានគ្រាប់បាល់ជាច្រើន។ ប៉ុន្តែ យើងបានធ្វើកំហុសឆ្គងនិងផ្តល់ឱកាសអោយគូប្រកួតមានប្រៀបវិញ។ យើងមិនមានពិន្ទុគ្រប់គ្រាន់ទេ ដូច្នេះហើយជាការខកចិត្ត។ យើងខកចិត្តជាក្រុម ហើយក្នុងនាមជាគ្រូបង្វឹក ខ្ញុំមានការខកចិត្ត។ យើងគួរតែធ្វើបានល្អជាងនេះ។”

ចំពោះ ការប្រកួតក្នុងពូលជាមួយគ្នា គឺ Copenhagen បានឈ្នះ ១-០ ទៅលើក្រុម Galatasaray ដើម្បីបញ្ចប់ចំណាត់ថ្នាក់លេខ២ ក្នុងពូល ដោយមាន ៨ ពិន្ទុនិងឈានដល់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ខណៈដែល Galatasaray មាន៥ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ ៣ទៅលេងពានរង្វាន់ UEFA Europa League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង