គ្រូបង្វឹក Man City លោក Pep Guardiola និងគ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិអង់គ្លេស អ្នកស្រី Sarina Wiegman គឺជាបេក្ខជនស្ថិតក្នុងបញ្ជីចុងក្រោយ ដើម្បីប្រជែងយកពានរង្វាន់គ្រូបង្វឹកល្អជាងគេរបស់ FIFA ពានរង្វាន់ The Best FIFA Men’s Coach and Women’s Coach Awards ។ នេះបើតាមការប្រកាសឱ្យដឹងពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA ។
លោក Pep Guardiola ជាគ្រូបង្វឹកឈានមុខគេដែលអាចឈ្នះពានរង្វាន់ខាងដើមនេះ បន្ទាប់ពីរូបលោកបានជួយ Man City ឈ្នះពានរង្វាន់ធំៗចំនួន៣កាលពីរដូវកាលមុន ដែលមានពានរង្វាន់ Premier League, FA Cup និង UEFA Champions League ។
ក្រៅពី លោក Guardiola ហើយលោក Simone Inzaghi ដែលបានដឹកនាំ Inter Milan ទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League និងបានឈ្នះពាន Coppa Italia ផងដែរនោះ ជាបេក្ខភាពទី២ដែលនឹងមកប្រកួតប្រជែងពានគ្រូបង្វឹកឆ្នើមរបស់ FIFA ។ អ្នកចុងក្រោយទីបីគឺ លោក Luciano Spalletti ដែលបានបញ្ចប់ភាពរាំងស្ងួតរយៈពេល ៣៣ ឆ្នាំរបស់ Napoli នៅពេលដែលពួកគេបានឈ្នះពានរង្វាន់ Serie A ជាមួយនឹងការប្រកួតចំនួន ៥ ដែលនៅសល់មុនបញ្ចប់រដូវកាល។
ខាងផ្នែកនារីវិញ អ្នកស្រី Sarina Wiegman ដែលជាអ្នកឈ្នះពានរង្វាន់ The Best FIFA Women’s Coach ចំនួន៣ដងរួចមកហើយនោះ បានសាងស្នាដៃយ៉ាងលេចធ្លោនាពេលកន្លងមក។ អ្នកស្រី Wiegman បានដឹកនាំក្រុមនារីអង់គ្លេសទៅកាន់វគ្គផ្តាច់ព្រ័ត្រដ៏សំខាន់មួយ គឺក្នុងពានរង្វាន់ការប្រកួតបាល់ទាត់ពិភពលោកនារី ប៉ុន្តែពួកគេបានចាញ់ក្រុមនារីអេស្ប៉ាញដោយលទ្ធផល ១-០ ។
បេក្ខភាពលេចធ្លោមួយទៀតដែលនឹងមកប្រជែងពានរង្វាន់ The Best FIFA Women’s Coach នោះគឺអ្នកស្រី Jonatan Giraldez ដែលបានដឹកនាំក្រុមនារី Barcelona ឈ្នះជើងឯកលីគ ដោយចាញ់តែមួយប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុន។ អ្នកស្រី ក៏បានជួយក្រុមនារី Barcelona ឈ្នះពានរង្វាន់ UEFA Champions League ជាលើកទីពីររបស់ពួកនាងផងដែរ។
គ្រូបង្វឹកក្រុមនារី Chelsea អ្នកស្រី Emma Hayes គឺជាបេក្ខភាពចុងក្រោយទីបីដែលនឹងមកប្រជែងពានរង្វាន់ បន្ទាប់ពីរដូវកាលដ៏ជោគជ័យមួយទៀតដែលពួកនាងបានឈ្នះពានរង្វាន់ FA Women’s Super League និង FA Cup ។ អ្នកស្រី Hayes នឹងចាកចេញពី Chelsea នាខែឧសភាឆ្នាំក្រោយ ដើម្បីមកកាន់តួនាទីជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីសហរដ្ឋអាមេរិក។
សម្រាប់ ការប្រកាសអ្នកឈ្នះពានរង្វាន់ The Best FIFA Men’s Coach and Women’s Coach នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែមករា នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៧ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Crystal Palace ថ្ងៃសៅរ៍ ទី១៦ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Arsenal Vs Brightonថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Liverpool Vs Man Utd ថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕