×

ការវិលត្រឡប់របស់ Newcastle នៅ UEFA Champions League ជាមួយការរង់ចាំជាយូរ បានបញ្ចប់ត្រឹមវគ្គសន្សំពិន្ទុ

យុទ្ធនាការ Champions League របស់ក្រុម Newcastle United បានបញ្ចប់ដោយការសោកស្ដាយ ខណៈ ក្រុម AC Milan បានវាយបកដើម្បីយកឈ្នះនៅកីឡដ្ឋាន St James’ Park ហើយទម្លាក់ក្រុមសារិកាព្រៃនៅត្រឹមវគ្គសន្សំពិន្ទុ។

ក្ដីសង្ឃឹមរបស់ Newcastle ក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយបានកើតឡើង នៅពេលដែលពួកគេបាននាំមុខនៅនាទីទី៣៣ដោយ Joelinton ខណៈការប្រកួតមួយគូទៀតក្នុងពូលជាមួយគ្នា ក្រុម Borussia Dortmund បាននាំមុខលើ Paris St-Germain ក្នុងប្រទេសអាល្លឺម៉ង់។

វាជាលទ្ធផលដែលនឹងធ្វើឱ្យ Newcastle ឆ្លងផុតវគ្គសន្សំពិន្ទុ ប៉ុន្តែកីឡាករវ័យជំទង់ Warren Zaire-Emery បានតាមស្មើសម្រាប់ក្រុមម្ចាស់ជើងឯកបារាំង PSG ក្នុងប្រទេសអាល្លឺម៉ង់។ បន្ទាប់មកអតីតខ្សែប្រយុទ្ធ Christian Pulisic របស់ Chelsea បានតាមស្មើឱ្យ Milan ទៀត នៅនាទីទី៥៩។

ខណៈភាគីទាំងពីរស្វែងរកជ័យជម្នះរៀងៗខ្លួន អ្នកចាំទី Mike Maignan របស់ Milan បានធ្វើយ៉ាងអស្ចារ្យដើម្បីជួយសង្គ្រោះឱកាសដ៏សំខាន់របស់ក្រុមម្ចាស់ផ្ទះពី Bruno Guimaraes ។ កីឡាករបម្រុង Samuel Chukwueze គឺជាអ្នករកគ្រាប់ជ័យជម្នះឱ្យក្រុមអ៊ីតាលី ផុតការសង្គ្រោះរបស់អ្នកចាំទី Martin Dubravka ។

វាបានធ្វើឱ្យអ្នកចាត់ការ Eddie Howe និងកូនក្រុមរបស់គាត់មានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Champions League ក្នុងរយៈពេលជាង ២០ឆ្នាំ ប៉ុន្តែបានបញ្ចប់ដោយពួកគេស្ថិតនៅបាតតារាងនៃពូល F និងគ្មានសូម្បីតែកៅអីនៅក្នុងក្របខណ្ឌ UEFA Europa League ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៧ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Crystal Palace ថ្ងៃសៅរ៍ ទី១៦ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Arsenal Vs Brightonថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Liverpool Vs Man Utd ថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង