Liverpool របូតឱកាសក្នុងការដណ្តើមយកចំណាត់ថ្នាក់កំពូលតារាង Premier League មកវិញ បន្ទាប់ពីបានត្រឹមលទ្ធផលស្មើ ០-០ ទល់នឹង Manchester United នៅកីឡដ្ឋាន Anfield និងបានបញ្ចប់កំណត់ត្រាក្នុងផ្ទះដ៏ល្អឥតខ្ចោះរបស់ក្រុមហង្សក្រហមក្នុងរដូវកាលនេះផងដែរ។
ក្រុមរបស់លោក Juergen Klopp បានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលតារាង ដោយ Arsenal បានយកឈ្នះ Brighton ២-០ កាលពីថ្ងៃអាទិត្យ។ Liverpool នឹងអាចដណ្តើមតំណែងនេះមកវិញ បើសិនពួកគេអាចប្រកួតឈ្នះ Man UTD ប៉ុន្តែការប្រកួតរបស់ក្រុមពណ៌ក្រហមទាំង២ បានបញ្ចប់ដោយគ្មានគ្រាប់បាល់កើតឡើងទៅវិញ។
សម្រាប់ Man UTD បានបាត់បង់ទំនុកចិត្តខ្លះ បន្ទាប់ពីសប្តាហ៍ដ៏លំបាករបស់ពួកគេ ប៉ុន្តែក្រុមបិសាចក្រហមនៅតែបង្ហាញថា ពួកគេគឺជាគូប្រកួតដ៏លំបាកសម្រាប់ Liverpool ដដែល។
ការប្រកួតលើទីលាន Anfield បានកើតឡើង ជាមួយនឹងភាពតានតឹងក្នុងការស្វែងរកគ្រាប់បាល់ពីសំណាក់កីឡាករក្រុមទាំងសងខាង។ ឱកាសល្អស៊ុតបញ្ចូលទីរបស់ក្រុមម្ចាស់ផ្ទះគឺការស៊ុតរបស់ Trent Alexander-Arnold ខណៈ ដែលការមានឱកាសល្អរបស់ក្រុមភ្ញៀវគឺ Rasmus Hojlund ប៉ុន្តែមិនមានក្រុមណាមួយអាចទម្លុះសំណាញ់ទីគ្នាបាននោះទេ។ នៅចុងម៉ោង ក្រុមភ្ញៀវនៅសល់គ្នា តែ១០នាក់ បន្ទាប់ពី Diogo Dalot ត្រូវបានបណ្តេញចេញ សម្រាប់កាតលឿងពីរ។ យ៉ាងណា ការប្រកួតក៏បញ្ចប់ដោយលទ្ធផល ០-០។
របូតឱកាសក្នុងការទទួលបានជ័យជម្នះ និងការវិលទៅកាន់កំពូលតារាងវិញមែនតែលោក Juergen Klopp គ្រូបង្វឹក Liverpool អះអាងថា កូនក្រុមរបស់ខ្លួនធ្វើបានល្អតាមការចង់បានរបស់លោក។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់បានថ្លែងក្រោយចប់ការប្រកួតដូច្នេះថា៖ “កូនក្រុមរបស់ខ្ញុំសម្រាប់ថ្ងៃនេះ មើលទៅដូចជាពួកគេពិតជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីលេងវាឱ្យត្រឹមត្រូវ។ អ្វីដែលខ្ញុំចង់បានគឺជារបៀបលេងជាមួយក្រុមបែបនេះ។ ទោះយើងមិនបានទទួលជ័យជម្នះ តែខ្ញុំយល់ថាយើងទទួលបានលទ្ធផលវិជ្ជមានពីការប្រកួតនេះ។”
ឆ្លងកាត់១៧ប្រកួតកន្លងមក Liverpool មាន ៣៨ ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League តិចជាង១ពិន្ទុពីក្រុមកំពូលតារាង Arsenal និង ស្មើពិន្ទុក្រុមលេខ៣ Aston Villa។ រីឯ Man United ស្ថិតនៅលេខ ៧ មាន ២៨ពិន្ទុ៕