ការចាប់ឆ្នោតផ្គូផ្គងវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ UEFA Champions League 2023-24 បានដំណើរការរួចរាល់ហើយ ដែលធ្វើឡើងនាទីក្រុង Nyon ប្រទេសស្វីស។
ជាលទ្ធផលនៃការចាប់ឆ្នោតគឺ ក្រុមការពារជើងឯក Man City នឹងប៉ះ Copenhagen ។ Copenhagen ដែលធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុង Manchester ដើម្បីជួបគូប្រកួត Man UTD រួចហើយនោះ នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីអង់គ្លេស ទីក្រុង Manchester ម្តងទៀត ដើម្បីជួបគូប្រកួតថ្មីនោះគឺ Man City ។ ក្រុមដាណឺម៉ាកមួយនេះ អាចនឹងមានភាពហត់នឿយក្នុងការប៉ះក្រុមការពារជើងឯក Man City ដែលបានឈ្នះគ្រប់ ៦ ប្រកួតនៅវគ្គចែកពូល និងកំពុងស្ថិតនៅលើការមិនស្គាល់ចាញ់ក្នុងចំណោម ២០ ប្រកួតនៅក្នុងការប្រកួតបាល់ទាត់អឺរ៉ុប។
ក្រុមអេស្ប៉ាញទាំង៤ ដែលបានឡើងមកកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ដែរនោះក៏បានរកឃើញដៃគូរៀងៗខ្លួនដែរ ដោយ Barcelona បានផ្គូផ្គងមកជួប Napoli ។ ក្រុមទាំងពីរជួបគ្នាចុងក្រោយក្នុងវគ្គជម្រុះ UEFA Europa League ក្នុងឆ្នាំ ២០២២ ដោយ Barcelona ឈ្នះ ៥-៣ សរុបទាំងពីរជើង។ ការប៉ះគ្នាមួយទៀតរវាងក្រុមអ៊ីតាលី និងអេស្ប៉ាញដែរ គឺ Inter Milan ប៉ះ Atletico Madrid ។ ចំណែកឯ Real Madrid នឹងត្រូវប៉ះ RB Leipzig របស់អាល្លឺម៉ង់ ហើយ Real Sociedad ត្រូវប៉ះ ក្រុមបារាំង Paris Saint-Germain។
ក្រុមរបស់អាល្លឺម៉ង់ចំនួន២ទៀតដែលមាន Bayern Munich ត្រូវប៉ះ Lazio និង Borussia Dortmund ត្រូវប៉ះ PSV Eindhoven។ រីឯ ក្រុមកំពូលតារាង Premier League របស់អង់គ្លេសគឺក្រុម Arsenal មានកិច្ចការដ៏លំបាកជាមួយការប៉ះ Porto ដែលជាក្រុមជើងខ្លាំងរបស់ព័រទុយហ្គាល់។
សម្រាប់កាលបរិច្ឆេទនៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League នឹងធ្វើឡើងដោយជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី ១៣ ១៤ ២០ និង ២១ ខែកុម្ភៈ ហើយជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ៥ ៦ ១២ និង ១៣ ខែមីនា ឆ្នាំ២០២៤៕