ក្លិបបាល់ទាត់ Everton នៅលីគកំពូលអង់គ្លេស នឹងធ្វើការផ្លាស់ប្តូរកីឡដ្ឋានថ្មី ពីកីឡដ្ឋាន Goodison Park ទៅកាន់កីឡដ្ឋាន Bramley Moore Dock នៅរដូវកាល ២០២៥-២៦។
ដំបូងឡើង Everton ចង់ប្តូរកីឡដ្ឋាននៅរដូវកាល ២០២៤-២៥ តែម្តង ប៉ុន្តែពួកគេបានសម្រេចចិត្ត លេងនៅកីឡដ្ឋាន Goodison Park មួយរដូវកាលទៀត ហើយការសម្រេចចិត្តមិនផ្លាស់ប្តូរនេះគឺដោយសារហេតុផលពាណិជ្ជកម្ម ភស្តុភារ និងមតិអ្នកគាំទ្រ។
ក្លិបរហស្សនាមស្ករគ្រាប់ បាននិយាយថា កីឡដ្ឋានថ្មី Bramley Moore Dock មានសមត្ថភាពផ្ទុកអ្នកគាំទ្របាន ៥២៨៨៨ នាក់ ហើយនឹងបញ្ចប់ការសាងសង់ដូចការគ្រោងទុក នៅចុងឆ្នាំ ២០២៤ ។
Everton បានបន្ថែមថា នឹងមានព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅរដូវកាល ២០២៥-២៦ ដើម្បីសម្គាល់ការចាកចេញរបស់ពួកគេពី Goodison Park ដែលជាទឹកដីប្រកួតចាប់តាំងពីឆ្នាំ ១៨៩២ មក។
ដោយឡែក Everton ត្រូវបាន Premier League កាត់ចេញ ១០ ពិន្ទុ បន្ទាប់ពីបានរកឃើញថា ការចំណាយរបស់ Everton ឆ្នាំ ២០២១-២២ មានចំនួន ១២៤,៥ លានផោន ដោយក្លិបនៅលីគកំពូលរបស់អង់គ្លេស បានអនុញ្ញាតឱ្យចំណាយត្រឹមតែ ១០៥ លានផោនក្នុងរយៈពេល ៣ ឆ្នាំ។
Everton ជឿថាការទូទាត់ការប្រាក់លើប្រាក់កម្ចីដើម្បីសាងសង់កីឡដ្ឋានថ្មីរបស់ក្លិបប្រមាណ ៧៦០លានផោននៅឯ Bramley Moore Dock គឺជាការអនុញ្ញាតបន្ថែម សម្រាប់ការគណនាប្រាក់ចំណេញ និងនិរន្តរភាពក្នុងឆ្នាំហិរញ្ញវត្ថុ ២០២១-២២ ប៉ុន្តែគណៈកម្មាការមិនយល់ស្រប និងមិនទទួលយកការទាមទាររបស់ក្លិបនោះទេ។
Everton គឺជាក្លិបបាល់ទាត់នៅលីគកំពូលអង់គ្លេសតែមួយគត់នាពេលបច្ចុប្បន្នដែលកំពុងសាងសង់កីឡដ្ឋានថ្មីមួយ។ ការចំណាយសម្រាប់គម្រោងនេះ បានកើនឡើងពី ៥០០ លានផោនដល់ ៧៦០ លានផោន៕