
Man City បានយកឈ្នះលើ Urawa Red Diamonds ដោយលទ្ធផល ៣-០ នាកីឡដ្ឋាន King Abdullah Sports City ស្ថិតនាទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA Club World Cup ។
ជាការពិត ការប្រកួតនោះ Man City ម្ចាស់ជើងឯក UEFA Champions League ហាក់មានការលំបាកក្នុងការតតាំងជាមួយ Urawa Red Diamonds ដែលជាម្ចាស់ជើងឯក AFC Champions League ដោយក្រុមរបស់ជប៉ុន បានបង្ហាញពីទម្រង់ការពារយ៉ាងល្អ។ យ៉ាងណាក៏ដោយ ការប្រកួតជិតចប់វគ្គទី១ទៅហើយ ស្រាប់តែកីឡាករ Marius Hoibraten បានភា្លត់ស្នៀតឱ្យបាល់ចូលទីខ្លួនឯង ផ្តល់ជាកាដូគ្រាប់បាល់នាំមុខដល់ Man City ។
នៅវគ្គទី២ ស្ថានភាពបានប្រែប្រួលដោយ Man City ហាក់គ្រប់គ្រងការប្រកួតបានយ៉ាងល្អជាង Urawa Red Diamonds។ ជាក់ស្តែង ក្រុមមេឃខៀវកាន់តែមានភាពក្លៀវក្លា ពេល Mateo Kovacic អាចរកបានគ្រាប់បាល់ទី២ នៅនាទី៥២ សម្រាប់ក្រុមរបស់លោក Pep Guardiola ដែលវាជាគ្រាប់បាល់ដំបូងរបស់គេ ចាប់តាំងពីចាកចេញពី Chelsea មកចូលរួម Man City កន្លងមក។ Bernardo Silva ជាអ្នករកគ្រាប់បាល់ទី៣សម្រាប់ Man City ដែលធ្វើឱ្យពួកគេអាចរក្សាការនាំមុខ ៣-០ ហើយលទ្ធផលនេះបានបន្តដល់ចប់ការប្រកួត។
ជាមួយនឹងជ័យជម្នះដ៏ល្អប្រសើរ គ្រូបង្វឹក Man City លោក Pep Guardiola បានបង្ហាញពីអារម្មណ៍រីករាយ ចំពោះការលេងរបស់កូនក្រុម ដែលធ្វើឱ្យពួកគេអាចឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ជា សម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់ FIFA Club World Cup ។
លោក Pep Guardiola បានថ្លែងក្រោយចប់ការប្រកួតយ៉ាងដូច្នេះថា៖ “Man City មិនដែលឈ្នះវាទេ។ វាជាលើកទីមួយហើយដែលយើងមកទីនេះ ហើយខ្ញុំរីករាយក្នុងការឈានដល់វគ្គផ្តាច់ព្រ័ត្រ។ វាជាជំហានចុងក្រោយដើម្បីឈ្នះពានតែមួយគត់ដែលក្លិបមិនទាន់មាន។”
គ្រូបង្វឹកវ័យ ៥២ឆ្នាំ បន្តថា៖ “យើងកំពុងរីករាយ តែយើងក៏មិនសម្រាកដែរ ព្រោះយើងត្រូវមានការប្រកួតដ៏សំខាន់ខ្លាំងមួយទៀត។ ខ្ញុំប្រាកដណាស់ថាកីឡាករនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីលើកពានតែមួយគត់ដែលយើងមិនមាន។ វានឹងមានសារសំខាន់សម្រាប់ក្លិបដើម្បីឈានទៅដល់ជំហាននេះ សម្រាប់អនាគតរបស់យើង។”
ក្រុម Man City ដែលកំពុងសម្លឹងមើលការក្លាយជាក្លិបអង់គ្លេសទី ៤ ដែលឈ្នះជើងឯកFIFA Club World Cup បន្ទាប់ពី Man UTD, Liverpool និង Chelsea នោះ នឹងបន្តឡើងទៅកាន់ការប្រកួតផ្តាច់ព្រ័ត្រទល់នឹងក្រុម Fluminense របស់ប្រេស៊ីល រីឯក្រុម Urawa Red Diamonds នឹងត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ទល់នឹងក្រុមអេស្ស៊ីប Al Ahly នាថ្ងៃទី២២ ខែធ្នូខាងមុខ៕