ក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League កំពុងប្រឈមមុខនឹងសម្ពាធសាជាថ្មី បន្ទាប់ពី ក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ប្រកាសអំពីកិច្ចព្រមព្រៀងថ្មី ដោយការសន្ទនារវាងអាជ្ញាកណ្តាលលើទីលាន និងមន្ត្រីបន្ទប់វីដេអូ VAR នឹងត្រូវបានបង្ហាញជាសាធារណៈ។
សហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF និងក្របខណ្ឌ La Liga បានយល់ព្រមនឹងដំណើរការកិច្ចព្រមព្រៀងថ្មី ចាប់ពីខែក្រោយតទៅ។ កិច្ចព្រមព្រៀងថ្មីនេះ មានន័យថា នៅក្នុងឆ្នាំ ២០២៤ ស្ថាប័នទាំងពីរនឹងធ្វើការថតរូបភាព និងសំឡេងសន្ទនារវាងមន្ត្រីអាជ្ញាកណ្តាលលើទីលាន និងមន្ត្រីនៅបន្ទប់ VAR ជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាសនៅរាល់ការប្រកួតនីមួយៗរបស់ក្របខណ្ឌ La Liga ។ យ៉ាងណា ការសន្ទនាមិនអាចផ្សាយផ្ទាល់ភ្លាមៗបានទេ ដោយសារច្បាប់របស់ក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ IFAB មិនផ្តល់ការអនុញ្ញាត។
កិច្ចព្រមព្រៀងខាងដើម គឺជាជំហានដ៏សំខាន់មួយ ដែលបច្ចុប្បន្នត្រូវបានហាមឃាត់ដោយ IFAB ដែលផ្តល់អាជ្ញាបណ្ណ VAR សម្រាប់ប្រើប្រាស់នៅក្នុងការប្រកួតនានា។
RFEF បានបញ្ជាក់ថា ការផ្សាយរូបភាព និងសំឡេងសន្ទនា នឹងកើតឡើងនៅពេលការប្រកួតនីមួយៗបានបញ្ចប់ បទពិសោធអ្នកគាំទ្រនឹងប្រសើរឡើង ហើយការយល់ដឹងកាន់តែច្រើនអំពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាលនឹងត្រូវផ្សព្វផ្សាយ ធ្វើឱ្យការប្រកួតកាន់តែប្រសើរឡើង។
ដោយឡែក បន្ទាប់ពីការប្រកាសរបស់ RFEF និង La Liga សម្ពាធថ្មីមួយ ត្រូវបានមើលឃើញថា ធ្លាក់លើក្របខណ្ឌ Premier League ដែលបានក្លាយជាប្រធានបទជជែកវែកញែកកាន់តែខ្លាំង។
ជុំវិញរឿងនេះ អតីតអាជ្ញាកណ្តាលបាល់ទាត់ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់អង់គ្លេស PGMOL លោក Keith Hackett បានថ្លែងថា បាល់ទាត់អង់គ្លេស ពិតជាត្រូវធ្វើតាមការដឹកនាំរបស់បាល់ទាត់អេស្ប៉ាញហើយវាគ្មានសំណួរដែលថា ពួកគេត្រូវមានតម្លាភាពជាងនេះទេ។
កិច្ចព្រមព្រៀងរវាង La Liga និង VAR នឹងក្លាយជាជំហានក្នុងទិសដៅដែលអ្នកគាំទ្រភាគច្រើនចង់បាន ហើយវាស្ទើរតែនឹងលុបបំបាត់ការរិះគន់ ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងពេលប្រកួត ព្រោះអ្នកគាំទ្រអាចវិនិច្ឆ័យដោយខ្លួនឯងបាន៕