Nottingham Forest បានតែងតាំងលោក Nuno Espirito Santo មកជា គ្រូបង្វឹកថ្មីរបស់ខ្លួនដើម្បីជំនួសកន្លែងលោក Steve Cooper ដែលត្រូវបញ្ចប់តំណែងកាលពីពេលថ្មីៗនេះ។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Premier League។
អតីតគ្រូបង្វឹក Wolverhampton Wanderers និង Tottenham Hotspur លោក Nuno Espirito Santo បានចូលមកដឹកនាំ Nottingham Forest ដែលបានចែកផ្លូវពីលោក Cooper បន្ទាប់ពីការដឹកនាំរបស់បុរសវ័យ ៤៤ឆ្នាំ ទទួលលទ្ធផលមិនល្អ ពោលគឺចាញ់ ៥ ដងក្នុងចំណោម ៦ ប្រកួតចុងក្រោយ ធ្វើឱ្យពួកគេធ្លាក់ទៅលេខ ១៧ ក្នុងតារាង មាន១៤ពិន្ទុ ពីលើតំបន់កាត់ចោលតែ៥ពិន្ទុប៉ុណ្ណោះ។
ក្លិប Nottingham Forest បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “លោក Nuno នឹងចូលរួមជាមួយក្លិបក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះ ហើយនឹងទទួលបន្ទុកដឹកនាំការប្រកួតដំបូងរបស់ខ្លួននៅចុងសប្តាហ៍នេះ នៅពេលដែល Nottingham Forest ត្រូវប៉ះ Bournemouth នៅកីឡដ្ឋាន The City Ground។”
លោក Nuno Espirito Santo សញ្ជាតិព័រទុយហ្គាល់ បានចំណាយពេលបួនរដូវកាលនៅ Wolverhampton Wanderers ហើយបានជួយឱ្យពួកគេឡើងទៅកាន់ក្របខណ្ឌ Premier League ក្នុងរដូវកាលដំបូងរបស់លោក ក្នុងការដឹកនាំនៅទីនោះ។
អតីតកីឡាករ និងជាគ្រូបង្វឹករបស់ Porto រូបនេះ ក៏បានធ្លាប់ចូលទៅកាន់ដំណែងនៅ Tottenham Hotspur កាលពីខែមិថុនា ឆ្នាំ២០២១ ជាកន្លែងដែល រូបលោកបានឈ្នះការប្រកួតបីលើកដំបូង ប៉ុន្តែបន្ទាប់មកបានចាញ់ ៥ ដងក្នុងចំណោម ៧ ប្រកួត មុនពេលរូបលោកត្រូវបានបញ្ចប់តំណែងនឹងត្រូវជំនួសដោយលោក Antonio Conte ។
បន្ទាប់មកលោក Nuno Espirito Santo ត្រូវបានតែងតាំងជាគ្រូបង្វឹក Al-Ittihad នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ហើយបានដឹកនាំពួកគេឱ្យឈ្នះជើងឯកលីគលើកដំបូងរបស់ពួកគេក្នុងរយៈពេល ១៤ឆ្នាំ តែលោកក៏ត្រូវបានបណ្តេញចេញនៅក្នុងខែវិច្ឆិកា បន្ទាប់ពីការប្រកួតចំនួន ៥ ដង ដោយមិនបានទទួលជ័យជម្នះទាល់តែសោះ៕