សមាគមបាល់ទាត់អង់គ្លេស FA បានសម្រេចចិត្ត ធ្វើការផាកពិន័យក្លិប Man City ជាទឹកប្រាក់ ១៥ម៉ឺនដុល្លារ ដោយសារកីឡាកររបស់ពួកគេ ជាពិសេស Erling Haaland រត់ទៅចោមរោមមន្ត្រីអាជ្ញាកណ្តាល អំឡុងការប្រកួតស្មើ Tottenham Hotspur ៣-៣ នៅក្របខណ្ឌ Premier League កាលពីដើមខែធ្នូ។
កីឡាករជាច្រើនរូបរបស់ Man City បានឡោមព័ទ្ធ និងប្រើសម្តីនិងឥរិយាបថមិនសមរម្យ ទៅលើអាជ្ញាកណ្តាលលោក Simon Hooper បន្ទាប់ពីអាជ្ញាកណ្តាលអង់គ្លេសរូបនេះ បានបញ្ឈប់ការលេងរបស់ Jack Grealish ស្របពេលជាបាល់ចំណេញ និងមានប្រៀបក្នុងការរកគ្រាប់បាល់ដើម្បីតាមឈ្នះ។ ពេលនោះ ខ្សែការពារ Spurs បានបង្កកំហុសលើ Haaland ប៉ុន្តែរូបគេ នៅតែអាចបញ្ជូនបាល់យ៉ាងល្អទៅ Grealish ។
ជុំវិញករណីនេះ FA បានដាក់ពិន័យ Man City រួចមកហើយ ដោយឡែក បន្ថែមលើសនេះ ស្ថាប័នគ្រប់គ្រងបាល់ទាត់អង់គ្លេស បានពិន័យជាទឹកប្រាក់សម្រាប់ក្លិបមេឃខៀវ ១៥ម៉ឺនដុល្លារទៀត។ ការដាក់ពិន័យនេះ FA បានចោទប្រកាន់ ក្លិប Man City ថា មិនអាចមើលការខុសត្រូវគ្រប់គ្រងកីឡាកររបស់ខ្លួនឱ្យបានល្អ។
ចំពោះ ក្លិប Man City វិញ ក៏បានសារភាពថាខ្លួនបរាជ័យក្នុងការដឹកនាំកីឡាករឱ្យមានអាកប្បកិរិយាត្រឹមត្រូវក្នុងអំឡុងការប្រកួតនោះ។ គណៈកម្មការនិយតកម្មឯករាជ្យបានដាក់ទណ្ឌកម្មនេះបន្ទាប់ពីសវនាការបានកើតឡើង។
ចាប់តាំងពីស្មើ Tottenham Hotspur មក ក្នុងចំណោម៤ប្រកួតចុងក្រោយរបស់ Man City រកបានជ័យជម្នះតែមួយលើកប៉ុណ្ណោះ ក្រៅពីនោះស្មើ២ និងចាញ់១។ ១៧ប្រកួតរដូវកាលនេះ ក្រុមម្ចាស់ការពារជើងឯកលីគកំពូលអង់គ្លេស រកបាន៣៤ពិន្ទុ ឈរលេខ៤បណ្តោះអាសន្ន តាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន៥ពិន្ទុ៕