សមាជិកសភាអង់គ្លេសបានស្នើឱ្យក្របខណ្ឌ Premier League និងស្ថាប័នកីឡាដទៃផ្សេងទៀតនៅក្នុងប្រទេសអង់គ្លេស កាត់បន្ថយបរិមាណការផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនល្បែងភ្នាល់នៅតាមទីលានប្រកួត។
របាយការណ៍ដែលបានចេញផ្សាយពី គណៈកម្មាធិការវប្បធម៍ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា CMS បានឱ្យដឹងថា ការកាត់បន្ថយផ្ទាំងផ្សាយពាណិជ្ជកម្មល្បែងភ្នាល់ គឺចាំបាច់ ដើម្បីការពារកុមារពីផលប៉ះពាល់ របស់ក្រុមហ៊ុនភ្នាល់ទាំងអស់នោះ។
លើសពីនេះ ប្រធានក្រុមសភាអង់គ្លេស អ្នកស្រី Dame Caroline Dinenage បានជំរុញឱ្យមានការកាត់បន្ថយឱ្យកាន់តែខ្លាំងបន្ថែមទៀត ចំពោះការផ្សាយស្លាកសញ្ញានៅតាមទីលាន។
អំឡុងរដូវកាល ២០២២-២៣ ក្លិបចំនួន ៨ នៅក្របខណ្ឌ Premier League មានស្លាកសញ្ញារបស់ក្រុមហ៊ុនភ្នាល់នៅលើអាវរបស់ពួកគេ។ កាលពីខែមេសា ឆ្នាំ ២០២៣ ក្លិបមួយចំនួននៅលីគកំពូលអង់គ្លេសមួយនេះ បានឈានដល់កិច្ចព្រមព្រៀងដំបូងដើម្បីដកការឧបត្ថម្ភល្បែងនៅផ្នែកខាងមុខ នៃអាវប្រកួតនៅចុងបញ្ចប់រដូវកាល ២០២៥-២៦។
បើទោះជាមានការកាត់បន្ថយនៅលើអាវរបស់កីឡាករនៃក្លិបនីមួយៗក៏ដោយ ក៏គណៈកម្មាធិការផ្នែកកីឡា នៅតែព្រមានថាវានឹង មិនកាត់បន្ថយបរិមាណនៃការផ្សាយពាណិជកម្មភ្នាល់ដែលមានមើលឃើញនៅលើផ្ទាំង LED អំឡុងការប្រកួតនោះទេ ឬនៅលើដៃអាវរបស់ក្រុមផងដែរ។
ទោះយ៉ាងណា ស្លាកសញ្ញាល្បែងស៊ីសងខាងមុខអាវរបស់កីឡាករមានត្រឹមតែ ៧ភាគរយ ប៉ុណ្ណោះ នៃការផ្សាយពាណិជ្ជកម្មល្បែងទាំងអស់ដែលអាចមើលឃើញអំឡុងការប្រកួត ចំនួន ១០។ មិនតែប៉ុណ្ណោះ ក្នុងការប្រកួតចំនួន ៦ ចំណោម១០នោះ ក៏បានបង្ហាញសារអំពីល្បែងជិត ៧,០០០ដង ដែលអាចត្រូវបានគេមើលឃើញក្នុងការប្រកួត។
ដោយឡែក ក្របខណ្ឌ Premier League បានអះអាងថា ពួកគេកំពុងធ្វើការជាមួយកីឡាផ្សេងទៀត និងរដ្ឋាភិបាលលើការបង្កើតលក្ខខណ្ឌថ្មីសម្រាប់ការឧបត្ថម្ភល្បែកប្រកបដោយការទទួលខុសត្រូវ ខណៈ Premier League មិនមានដៃគូទាក់ទងនឹងល្បែងថ្មីទៀតឡើយ។
សម្រាប់ ក្លិបនៅ Premier League បានចេញសេចក្តីប្រកាសរួមគ្នាថា ពួកគេប្រកាន់ខ្ជាប់នូវរាល់តម្រូវការច្បាប់ និងបទប្បញ្ញត្តិដែលចេញពីច្បាប់៕