ក្លិប និងលីគធំៗនៅទូទាំងទ្វីបអឺរ៉ុប បានច្រានចោលក្របខណ្ឌ European Super League បើទោះជាលីគនេះបានឈ្នះក្តីនៅតុលាការយុត្តិធម៌សហភាពអឺរ៉ុប ECJ ក៏ដោយ។
សាលក្រមពី ECJ បានកាត់ក្តីផ្តល់ជ័យជម្នះដល់ European Super League ក្នុងការបើកដំណើរការការប្រកួត ហើយសាលក្រមនោះ ក៏បានចោទប្រកាន់ UEFA និង FIFA បានបំពានច្បាប់ សហភាពអឺរ៉ុបដោយបានរារាំងការបង្កើត European Super League ។
ការសម្រេចចិត្តនេះ បានជំរុញឱ្យមានអំណះអំណាងដែលកើតឡើងជុំវិញផែនការ European Super League កាលពីដើមឆ្នាំ ២០២១ ខណៈ ECJ បានសម្រេចចិត្តប្រឆាំងនឹងគោលការណ៍របស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ធំៗ ដែលបានដាក់កម្រិតទៅលើលីគថ្មី។ ទោះជាបានឈ្នះលើរឿងក្តីក៏ដោយ ក៏មិនទាន់បានន័យថាលីគថ្មីមួយនេះ នឹងអាចត្រូវបានបង្កើតភ្លាមៗនោះឡើយ។
កាលពីឆ្នាំ ២០២១ គម្រោងបង្កើត European Super League មានក្លិបធំៗចំនួន ១២ បានចូលរួម និងស្នើបង្កើតលីគបំបែកខ្លួនចេញពី UEFA ដែលបានធ្វើឱ្យមានការតវ៉ាយ៉ាងខ្លាំងពីអ្នកគាំទ្រ និង UEFA រហូតដល់ក្លិបចំនួន ៩ បានដកខ្លួនចេញភ្លាមៗ។ មកទល់ពេលនេះ មានតែក្លិបចំនួន ៣ ប៉ុណ្ណោះគឺ Real Madrid, Barcelona និង Juventus បន្តស្ថិតនៅក្នុងគម្រោងដដែល។
យ៉ាងណា ក្រោយពី ECJ ផ្តល់សិទ្ធិបង្កើត European Super League ក្លិប Man UTD ជាក្លិបដំបូងគេដែលបានប្រកាសប្តេជ្ញាចិត្តលេងក្នុងការប្រកួតដែលគ្រប់គ្រងដោយ UEFA ។ Man UTD ក៏ជាក្លិបមួយស្ថិតនៅក្នុងគម្រោងក្លិបទាំង ១២ ដែលព្យាយាមស្នើសុំបង្កើត European Super League ។ ក្របខណ្ឌ Premier League បានបដិសេធមិនគាំទ្រការបង្កើត European Super League ។
រីឯ ក្លិប Bayern Munich ជាក្លិបមួយដំបូងគេបង្អស់ដែលបានចេញសេចក្តីប្រកាសគាំទ្រដល់ UEFA និងប្រឆាំងការផ្តល់សិទ្ធិដំណើរការលីគថ្មី។ សម្រាប់ សមាគមលីគអាជីពបារាំង LFP ក៏បានប្រកាសគាំទ្រ ការប្រកួតដែលរៀបចំដោយ UEFA និងប្រឆាំងចំពោះការបង្កើត European Super League ដូចគ្នា។ សហព័ន្ធបាល់ទាត់អ៊ីតាលី FIGC ក៏បានបង្ហាញគោលជំហរការពារគោលការណ៍ទូទៅនៃគុណសម្បត្តិកីឡា និងគោលការណ៍ប្រកួតតាមប្រតិទិនអន្តរជាតិដែលបានរៀបចំទុករួចជាស្រេច។
ការប្រឆាំងកើនឡើងខ្លាំង ក្រោយពេលការប្រកាសសាលក្រមពី ECJ ដោយ UEFA, FIFA, សមាគមអ្នកគាំទ្របាល់ទាត់អឺរ៉ុប, La Liga, សមាគមបាល់ទាត់អឺរ៉ុប ECA, សមាគមលីគអឺរ៉ុប និងសមាគមកីឡាករបាល់ទាត់អាជីពអឺរ៉ុប សុទ្ធតែបដិសេធមិនគាំទ្រ European Super League នោះទេ៕